ខេត្តប៉ៃលិន ៖ ក្រោយពេលស្ងប់ស្ងាត់ប្រហែល២សប្តាហ៍កន្លងទៅ ដែលធ្វើឱ្យម្ចាស់រមណី យដ្ឋានមានការត្អូញត្អែរថាលក់ដូរអត់សូវដាច់ ទើបរហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និង អន្តរជាតិ បាននាំគ្នាចូលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ដូចជារមណីយដ្ឋាន «ម្លប់សាវម៉ាវ» ជាដើម ។
ប្រភពព័ត៌មានពីភ្ញៀវទេសចរណ៍ម្នាក់ ឈ្មោះ អ៊ុ ណៃ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពីស្ងប់ស្ងាត់ ករណីការឆ្លងនៃជម្ងឺកូវីដ-១៩ ពួកគាត់បាននាំក្រុមគ្រួសារ និងបងប្អូន កូនចៅ ទៅដើរលេងកម្សាន្តតាមរមណីយដ្ឋាន នាថ្ងៃចុងសប្តាហ៍ ។ ប្រភពបន្តទៀតថា ការដើរលេងកម្សាន្តនេះ ពួកគាត់ក៏មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពខ្លួនឯង និងកូន ចៅរបស់ខ្លួនផងដែរ ដោយមានការលាងដៃនឹងទឹកអាល់កុល ឬជែល ដើម្បីកំចាត់បាក់តេរី និងមេរោគ ខណ:ចូលទៅដល់ក្នុងរមណីយដ្ឋាន គឺម្ចាស់របស់គេរៀបចំទុកឱ្យលាងសម្អាតដៃតែម្តង ។
គាត់បញ្ជាក់ថា រមណីយដ្ឋាន «ម្លប់សាវម៉ាវ» នេះ ពិតជាមានទេសភាពស្រស់បំព្រងល្អ ដោយម្ចាស់រៀបចំជាខ្យុស និងមានកន្លែងថតរូបស៊ែលហ្វីនៅលើដងស្ទឹង ក៏មានដើមសាវម៉ាវជាច្រើ នដើម ជាម្លប់ដ៏ត្រជាក់ តែអត់ទាន់មានផ្លែនោះទេ ។ រីឯនៅក្នុងស្ទឹងវិញ មានទឹកថ្លាឈ្វេងហូរគ្រឿន ៗ ហើយត្រជាក់ស្រេបពេលចុះទៅងូតលេង បំបាត់នូវការនឿយហត់ និងភាពស្មុគស្មាញក្នុងអារម្មណ៍ផងដែរ ។ លុះបន្ទាប់ពីកុម្មង់ម្ហូបអាហារ ដូចជា ស្លម្ជូស្លឹកខ្នឹងសត្វទន្សាយ ស្លក្រវ៉ាញសាច់ ជ្រូក ឆាគ្រឿងសាច់មាន់ហូបរួច រហូតដល់ពេលល្ងាចបន្តិច ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ។
ចំណែកម្ចាស់រមណីយដ្ឋានខាងលើ មាន ឈ្មោះ ញ៉ាវ សាគុន ភេទប្រុស អាយុ៦៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពីស្ងាត់ភ្ញៀវប្រហែល២សប្តាហ៍ រហូតមកដល់ចុងសប្តាហ៍នេះ គាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ខណ:ពេលឃើញភ្ញៀវចាប់ផ្តើមចូលទៅលេងកម្សាន្តនៅក្នុងរមណីយ ដ្ឋានរបស់ខ្លួន ។ គាត់បន្តទៀតថា ពេលនេះ ម្ហូបអាហារនៅកន្លែងរបស់ខ្លួន ចាប់ផ្តើមលក់ដាច់វិញ ហើយ ពោលគឺមានភ្ញៀវជាតិ និងអន្តរជាតិចូលទៅលេងជាបណ្តើរៗ ដោយលោកក៏បានចូលរួម ធ្វើតាមការណែនាំរបស់មន្ទីរសុខាភិបាល ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ផងដែរ ។ លោកបញ្ជាក់ថា នៅក្នុងចម្ការរបស់ខ្លួន មានដើមសាវម៉ាវជាង១០០ដើម ដើមធុរ៉េន និងដើមតាង៉ែនហៅមៀនប៉ៃលិន ដែ លកំពុងផ្លែផងដែរ ។ ទោះបីជាយ៉ាងណា លោកក៏នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍រមណីយដ្ឋាននៅជាប់នឹងស្ទឹងបរយ៉ាខា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យកាន់តែ មានភាពទាក់ទាញថែមទៀត គឺបន្ថែមការចាក់ស៊ីម៉ង់តិ៍នៅតាមបណ្តោយមាត់ស្ទឹងឱ្យភ្ញៀវក្រាលកន្ទេ លអង្គុយលេង ក៏មានពោះវៀនកង់រថយន្ត សម្រាប់ឱ្យក្មេងៗ និងមនុស្សចាស់ជិះលេងកម្សាន្តសប្បាយ ៕ ដោយ ៖ នីយ៉ា