បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ បានបង្ករនូវការកកស្ទះ និងបាត់បង់នូវសោភ័ណភាព អស់រយៈកាលជាច្រើនទស្សវត្សមកហើយ។ ប៉ុន្តែដោយភាពឈ្លាសវៃ និងបុិនប្រសព្វក្នុងការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកបានប្រែក្លាយតំបន់ប្រជុំជនមួយនេះ ដែលធ្លាប់ជួបប្រទះនូវបញ្ហាជាច្រើន មកជាទីប្រជុំជនមួយដែលមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គួរជាទីទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តមន អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដែលនៅសេសសល់ រវាងអាជីវក១ គ្រួសារ ដែលមានទីលំនៅជាប់ផ្លូវកែងសម្ដេចតេជោហ៊ុន សែន ដែលមិនព្រមឯកភាពលើការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងរបស់សមត្តកិច្ចស្រុកបាធាយ។
ក្រោមដំណោះស្រាយដ៏ប៉ិនប្រសព្វលើគោលការណ៍ ឈ្នះ ឈ្នះ របស់ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើឱ្យកញ្ញា ហេង វួចនា ដែលជាអាជីវករនៅផ្ទះកែងផ្លូវសម្ដេចតេជោ ហ៊ុន សែន បញ្ចេញនូវស្នាមញញឹម ដែលកន្លងមកនាងមិនបានព្រមធ្វើការសប្បទាន ឬសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការខាងលើឡើយ ប៉ុន្តែនៅព្រឹកនេះ នាងបានយល់ព្រមសប្បទាន និងធ្វើការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងខាងលើហើយ ដោយក្រុមការងារយើងសម្រេចយកថ្ងៃ៣០ ខែធ្នូ ២០២០ ជាថ្ងៃចាប់ផ្តើមអនុវត្តន៍នៃការសាងសង់តែម្តង។
ជាទីបញ្ចប់ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវអំណរគុណដល់ក្រុមការងារ និងកញ្ញា ហេង វួចនា ដែលបានព្រមព្រៀងចាប់ដៃធ្វើការសហការគ្នា ដើម្បីសំដៅធ្វើយ៉ាងណាឲ្យតំបន់ប្រជុំជនផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបាននូវស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អ និងផាសុខភាព ដើម្បីភាពសុខសាន្តរបស់អាជីវក និងប្រជាជនយើង៕