ក្រសួងបរិស្ថាន ប្រកាសថា សាធារណជនជារូបវន្តបុគ្គល និងនីតិបុគ្គល អាចចូលរួមដេញថ្លៃធ្វើអាជីវកម្មប្រមូលចំណូលលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបងឆ្នាំ២០២១បាន ដោយមិនមានការរើសអើងនោះឡើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាក់ឱ្យជួលធ្វើអាជីវកម្មនេះ មានរយៈពេលធ្វើអាជីវកម្ម១ឆ្នាំ គិតចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋាន គឺចំនួន៦០លានរៀល ក្នុង១ឆ្នាំ ហើយការដេញថ្លៃធ្វើអាជីវកម្ម ត្រូវធ្វើតាមវិធីដេញថ្លៃឡើង។
ក្រសួងបានបន្តថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលដេញថ្លៃទាំងអស់ លើកលែងតែមន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ ហើយអ្នកមានបំណងចូលដេញថ្លៃ ត្រូវបង់ប្រាក់កក់បណ្តោះអាសន្នចំនួន២០ភាគរយ នៃថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋាន គឺស្មើ១២លានរៀល។
ចំពោះពាក្យសុំចូលដេញថ្លៃ គឺអាចទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ដែលមានអាសយដ្ឋានស្ថិតនៅអគារមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ ហើយត្រូវជាក់ឱ្យបានយ៉ាងយូរបំផុត ១ថ្ងៃមុនពេលដេញថ្លៃ។
តំបន់រ៉ាមសារព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយ ដែលមានទំហំជាង២ម៉ឺនហិកតា ស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង និងមានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។
អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង ដើម្បីទស្សនាសត្វស្លាបចម្រុះដ៏សម្បូរបែបនៅទីនោះរាប់ម៉ឺនក្បាល៕