កសិករសប្បាយរីករាយជាមួយតម្លៃ និងទិន្នផលដំណាំដំឡូងមីឆ្នាំនេះល្អប្រសើរ

ព្រះវិហារៈ កសិករខេត្តព្រះវិហារ កំពុងនាំគ្នាប្រមូលផលដំណាំដំឡូងមីយ៉ាងមមាញឹក និងសប្បាយរីករាយបំផុត ខណៈតម្លៃទីផ្សារមានតម្លៃខ្ពស់សមរម្យ រីឯទិន្នផលក៏មានភាពល្អប្រសើរបើធៀបនិងឆ្នាំកន្លងទៅ

ដំណាំដំឡូងមីត្រូវបានគេដាំនៅស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយជាធម្មតាគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែកុម្ភៈក្នុងឆ្នាំនីមួយៗ ដោយឡែក សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមានសក្ដានុពលមួយរបស់កម្ពុជា នារដូវប្រមូលផលដំណាំដំឡូងមីឆ្នាំនេះ កំពុងមានភាពល្អប្រសើរបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មលើកកម្ពស់កសិករ នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បាននិយាយថាបច្ចុប្បន្ននេះកសិករសហគមន៍របស់លោក បាននិងកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ធ្វើការផ្គត់ផ្គង់ លក់ជូនក្រុមហ៊ុនក្នុងស្រុកមួយតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណជាង ៧៥៤៨ហិកតា។ លោកថាកសិករសហគមន៍មានភាពសប្បាយរីករាយខ្លាំងមែនទែនខណៈដែលទិន្នផលឆ្នាំនេះក៏មានភាពល្អប្រសើរ ហើយតម្លៃដែលបានចចារជាមួយក្រុមហ៊ុនទទួលទិញគឺមានតម្លៃ៣៦០៛ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងស្រស់ ដែលតម្លៃនេះខ្ពស់សមរម្យ បើធៀបជាមួយនិងតម្លៃខាងក្រៅ គឺខុសគ្នាពី ៣០ ទៅ ៤០៛ ក្នុងមួយគីឡូក្រាម។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានបញ្ជាក់ ឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះផ្ទៃដីដាំដុះដំណាំដំឡូងមីនៅទូទាំងខេត្តព្រះវិហារ មានចំនួនជាង ២៥,០០០ហិកតា ក្នុងនោះមានសហគមន៍កសិកម្មចំនួន ១១បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់លក់ឱ្យក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ហៅថា CACC លើបរិមាណសរុបជាង ៤ម៉ឺនតោន។ ជាមួយនេះលោកថាបច្ចុប្បន្ននេះកសិករនៅទូទាំងខេត្តចាប់ផ្ដើមមមាញឹកខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមីបណ្ដើរៗហើយ ហើយក្នុងនោះការប្រមូលផលរបស់ពួកគាត់មានភាពល្អប្រសើរបើធៀបនិងឆ្នាំមុន ដែលអាចទទួលផលប្រមាណជាជិត៥០តោន ក្នុងមួយហិកតា។

ទន្ទឹមគ្នានេះដែរប្រធានមន្ទីរកសិកម្ម ក៏បានធ្វើការផ្ដាំផ្ញើអោយកសិករទាំងអស់ ចុះឈ្មោះចូលជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្មដូចជាស្រូវ ដំឡូង និងចន្ទីរជាដើម ដែលក្នុងនោះកសិករមិនត្រឹមតែទទួលបាននូវនិរន្ដរភាពទីផ្សារ មានតម្លៃខ្ពស់ជាងទីផ្សារខាងក្រៅ និងមិនមានកាត់ភាគរយទម្ងន់ ដោយក្នុង១តោន ក្រុមហ៊ុនគិតលុយជូន ១០០០គីឡូពេញ បើធៀបជាមួយកសិករខាងក្រៅ គេកាត់ចាប់ពី១០ ទៅ២០% បន្ថែមពីនេះទៀតកសិករ ថែមទាំងអាចទទួលបាននូវការបណ្ដុះបណ្ដាលពីក្រុមហ៊ុនលើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹងស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *