លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការជួសជុលកែលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ

ខេត្តប៉ៃលិន៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការជួសជុលកែលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈ។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំដើមផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងទីតាំងអាជីវកម្មឱ្យបានជាប្រចាំ ជាពិសេស អាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសំអាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ។

សូមបញ្ជាក់ថា៖ អាជ្ញាធរខេត្តប៉ៃលិន គ្រោងបំពាក់ឧបករណ៍ និងសម្ភារហាត់ប្រាណ នៅសួនស្តេចកន (សេះ៨) និងនៅសួនកុមារ ខាងមុខសាលាខេត្តនាពេលខាងមុខ ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *