លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញពិនិត្យមើលការលក់ដូររបស់អាជីវករនៅសួនកុមារ និងត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍

ខេត្តប៉ៃលិន៖ ដើម្បីលើកស្ទួយផលិតផលរបស់ប្រជាកសិករក្នុងខេត្ត នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញពិនិត្យមើលការលក់ដូររបស់អាជីវករនៅសួនកុមារ និងត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍ ក្នុងគោលបំណង ជួយផ្សព្វផ្សាយផលិតផលកសិកម្ម រួមចំណែកលើកកម្ពស់ជីវភាពគ្រួសារប្រជាកសិករ ក្នុងដំណាក់កាលនៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

លោកជំទាវ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងដំណាក់កាលនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញឱ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការបង្កើតផ្សារសហគមន៍ចុងសប្តាហ៍ គឺជាការចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំផ្សារសហគមន៍ចុងសប្តាហ៍នេះ គឺជាជំហានដំបូងប៉ុណ្ណោះ ដូច្នេះមន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវខិតខំ ជួយសម្របសម្រួលដល់កសិករអ្នកផលិតក្នុងខេត្ត យកផលិតផលរបស់ខ្លួនឱ្យបានច្រើនមុខ មកដាក់តាំងលក់នាពេលខាងមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងធ្វើឱ្យទីផ្សារនេះកាន់តែរីកធំឡើង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមចូលរួមគាំទ្រដល់គម្រោងផ្សារ សហគមន៍ចុងសប្ដាហ៍ ដើម្បីលើកស្ទួយកម្រិតជីវភាពក៏ដូចជាលើកស្ទួយផលិតផល របស់ប្រជាកសិករក្នុងខេត្តផងដែរ ។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ផ្សារសហគមន៍ចុងសប្តាហ៍ ដែលគ្រោងដំណើរការនាពេលខាងមុខ គឺមានរយៈពេល ២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់  ដោយមានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ហើយ មានមុខទំនិញដូចជា៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរ ក្នុងខេត្តប៉ៃលិន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *