ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានគូសបញ្ជាក់​ជូន៣​ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ នាពេលថ្មីៗនេះ​

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានគូសបញ្ជាក់​ជូន៣​ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ នាពេលថ្មីៗនេះ​ បន្ទាប់​ពី​មានការស្នើសុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់​ជា​បន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរ​ចំពោះអង្គ​ព្រះមហាក្សត្រ។

​នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងនូវ៣​ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញ​អធិបញ្ជារបស់រដ្ឋមន្រ្តី​យុត្តិធម៌ ដែលរួមមាន ១. ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិ​សេរី​ភាព​នៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែង​និងផ្តន្ទាទោស​តាម​បញ្ញតិ​នៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។

២. ការចេញអធិ​បញ្ជារបស់​រដ្ឋ​មន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់​ស្ថាប័ន ឬឥស្សរជន​ណានោះទេ តែគឺ​ជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាម​ជារដ្ឋ​មន្រ្តីយុត្តិធម៌ និង​ស្រប​តាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ​ការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាទីគោរព​សក្ការៈដ៏ខ្ពង់​ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។

ចំពោះចំណុច ៣. គឺការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដល់ស្ថាប័នអយ្យការ មិន​មែន​ជាការរំលោភបំពានលើអំណាចតុលាការនោះទេ ព្រោះថារដ្ឋមន្រ្តីយុត្តិធម៌​ជាប្រធានថា​នានុ​ក្រមនៃស្ថាប័នអយ្យការដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិ ក្នុងការអនុវត្តនយោបាយ​ព្រហ្ម​ទណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គម សណ្តាប់​ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *