លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឱ្យប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលនិងនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជា មួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ ចំនួន៤០ គ្រួសារក្នុងខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០។ លោកជំទាវបានក្រើនរម្លឹកដល់ពលរដ្ឋមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៏ដោយក៏ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខទុក្ខក្តីនឹករឭក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាព ទាំង ផ្លូវកាយ ផ្លូវចិត្តឱ្យបានរឹងមាំ ហើយទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការ គំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។

លោកលោកជំទាវកិត្តិសង្គហបណ្ឌិតបាន ពាំនាំនូវសារ អំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែននិងផ្តាំផ្ញើសូមប្រជាពលរដ្ឋទាំងអស់  ដែលបាន ចូលរួមកម្មវិធីនៅថ្ងៃនេះ បន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់សមាជិកគ្រួសារ  និងប្រជាពលរដ្ឋដទៃទៀត នៅក្នុងសហគមន៍ ។

សម្ភារដែលបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ៣៣ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០ គីឡូក្រាម មី១កេស, ត្រីខកំប៉ុង១០ កំប៉ុង,ទឹកស៊ីអ៊ីវ៦ដប, ទឹកដោះគោខាប់៥ កំប៉ុង, សាប៊ូក្រអូប ៤ ដុំ មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ២ និងថវិកា ថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០,០០០ រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *