វគ្គហ្វឹកហ្វឺនជំនាញការពារអាកាស ត្រូវបានប្រារព្ធពិធីបិទ ជាមួយនិងការសម្ភោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១

ភ្នំពេញ ៖ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការពារអាកាស និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះបានប្រារព្ធធ្វើនៅមូលដ្ឋានកងការពារអាកាស ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនជំនាញការពារអាកាសដែលបានប្រារព្ធបិទនាពេលនេះ បានដំណើរការបើករយះពេល ០៣ខែ មានសិក្ខាកាមចំនួន ១០០នាក់ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបាននិទ្ទេសល្អប្រសើរស្មើរ ១៨% និទ្ទេសល្អ ៤៧% និទ្ទេសល្អបង្គួ៣១% និងនិទ្ទេសមធ្យម ៤% ។

ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហេង ហុង បានសម្តែងនូវមោទនភាពខ្ពស់ចំពោះសិក្ខាកាមវគ្គជំនាញការពារអាកាស ដែលបានបញ្ចប់វគ្គសិក្សារៀនសូត្រវគ្គជំនាញនេះអស់ពេល ០៣ខែដោយទទួលបានលទ្ធផលវិជ្ជមាន។

ឧត្តមសេនីយ៍ឯក ហេង ហុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់ប្រកបដោយកិច្ចសហការរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារអាកាស ព្រមទាំងសិក្ខាកាម គ្រូយោធាចារ្យ ស្ថាប័ន គាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់តាមផែនការកំណត់ ។

ឯកឧត្តមមេបញ្ចាការរង បានគូសបញ្ជាក់ថាជំនាញការពារអាកាសជាជំនាញមួយមានសារសំខាន់មិនអាចខ្វះបាននៅក្នុងចំណោមជំនាញដ៏ទៃទៀត ហើយឧត្តមសេនីយ៍ឯក ហេង ហុង ក៏បានចាត់ទុក ជំនាញនេះថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកម្ទេចគោលដៅសត្រូវទាំងនៅលើផ្ទៃអាកាស  ផ្ទៃដី និងផ្ទៃទឹក និងមានភារកិច្ចការពារដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា និងទីតាំងមួយចំនួនទៀត ។

ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារះ បរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ។

ជំនួសមុខឲ្យបញ្ជាការដ្ឋានការពារអាកាស ឧត្តមសេនីយ៍ឯក ហេង ហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក តូ នី ប្រធានក្រុមហ៊ុន ឆាយណា រ៉េលវេ 18TH ប្សូរ៉ូ គ្រុប ( ខេមបូឌា ) បានជួយឧត្តម្ភសំណង់អគារទីបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះថាជាពិតជាបានផ្តល់ប្រយោជន៍ធំធេងដល់បញ្ជាការដ្ឋានការពារអាកាសបំពេញភារកិច្ចបានល្អប្រសើរ។

សូមបញ្ជាក់ថា អគារទីបញ្ជាការវរសេនាសេនាតូចការពាអាកាសលេខ៩១ ជាអំណោយរបស់ក្រុមហ៊ុន ឆាយណា រ៉េលវេ 18TH ប្សូរ៉ូ គ្រុប ( ខេមបូឌា ) អង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយវរសេនាតូចការពារអាកាសលេខ៩១ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានដំណើរការសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ចំណាយថវិការអស់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *