កំពង់ធំៈ ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភាពសប្បាយរីករាយ៉ាងខ្លាំង ក្នុងពេលទទួលបានទាំងផ្លូវធ្វើដំណើបានស្រួល និងទទួលបានថវិកាពីគម្រោងអភិវឌ្ឍន៍ ជនបទរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋបានថ្លែងយ៉ាងដូច្នេះ គឺនៅក្នុងពេលដែលប្រជាពលរដ្ឋទទួលបានការលើកផ្លូវ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលជាគម្រោងសាច់ប្រាក់ពលកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឲ្យដឹងថា ឃុំសាលាវិស័យបានទទួលគម្រោងសាច់ប្រាក់ពលកម្មពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយគាំទ្រកសិករនៅតាមបណ្ដាភូមិ ហើយភូមិឫស្សីដួចបានទទួលគម្រោងនេះតាំងពីឆ្នាំ២០១៧ ដោយក្នុងមួយឆ្នាំបានទទួលបានពី ៣-៤ គីឡូម៉ែត្រ។
ជាក់ស្តែងឆ្នាំ២០២០នេះ ទទួលបានចំនួន ៥ គីឡូម៉ែត្រ ប្រជាពលរដ្ឋមានការសប្បាយរីករាយក្រោយពីបញ្ហាកូវីដ១៩ ជាបញ្ហាមួយដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនសូវមានការងារធ្វើ ចឹងពេលនេះពួកគាត់បានធ្វើជាពលកម្មលើកដោយដៃមកបង្កើតទៅជាផ្លូវ ហើយក្នុងនោះរដ្ឋាភិបាលបានផ្ដល់ជាសាច់ប្រាក់នៅក្នុងមួយម៉ែត្រគីបទទួលបាន ១២,០០០ រៀល ចំពោះការដាំស្មៅតាមជើងតេនេះគឺក្នុងមួយម៉ែត្រការេ ៣,០០០ រៀល គិតជាមធ្យមទាំងលើកដីនិងដាំស្មៅពី ១៥,០០០ ដល់ ១៧,០០០ រៀល តាមប្រភេទជើងទេរខ្ពស់ ឬទាប។
លោកបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារច្រើន គឺធ្វើបានច្រើនចំពោះសមាជិកគ្រួសារតិច គឺធ្វើបានតិច ហើយរហូតសមាជិកគ្រួសារខ្លះធ្វើបានពី ៤០-៥០ ម៉ែត្រគូប បើគិតជាថវិកាគឺពី ៤០០,០០០ ដល់ ៥០០,០០០ រៀល ក្នុងរយៈពេល ៤-៥ ថ្ងៃ។ ដោយសារភូមិឫសី្សដួចនេះជាផ្លូវនៅក្នុងភូមិ គឺបានធ្វើផ្លូវដែលមានបាទកនរោម ៧.៤ ម៉ែត្រ ខ្នងលើគឺ ៥.៤ ម៉ែត្រ និងកម្ពស់ ០.៧ ម៉ែត្រ គិតជាមធ្យម និងទៅតាមប្រភេទផ្លូវ។
ជាមួយគ្នាដែរ លោក ជិន ហ៊ីន បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានទម្លាក់សាច់ប្រាក់ពលកម្មមកឲ្យប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងសម័យកូវីដនេះ ដោយទទួលបានផ្លូវដើរបានស្រួលផង និងបានទទួលថវិកាយកមកផ្គត់ផ្គង់ជីវភាពគ្រួសារផង៕