កំពង់ចាម : សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំដោយ លោក ឧកញ៉ា ហួត ឈឿន នាព្រឹក ថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២០នេះ បាន នាំយកនូវ ថវិកា ចំនួន ២០០០អាមេរិក តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួម ជាមួយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក្នុង ការ ទិញវ៉ាក់សាំង ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ បាន ថ្លែងនូវ អំណរគុណចំពោះកាយវិការ សប្បុរសធម៌ របស់សមាជិក សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម មណ្ឌលគីរី ដែលបានឯកភាពគ្នាក្នុងការឧបត្តម្ភជាថវិកាចំនួន ២០០០ដុល្លារ អាមេរិកនេះ ដែលជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរខេត្ត ដើម្បី ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ- ១៩ ដ៏កាចសាហាវនោះ។
គួររំលឹកផងដែរថាក្នុងអំឡុងខែ មេសា ឆ្នាំ ២០២០ នេះដែរ ខណៈដែលជំងឺកូវីដ-១៩ បានបង្កឲ្យមាន ក្តីកង្វល់ពីគ្រប់មជ្ឈដ្ឋានផងនោះ សភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន ក៏ធ្លាប់បាននាំយកនូវអំណោយ ជាអង្ករ ចំនួន ៤តោន និង ទឹកស៊ីអ៊ីវ ១៦០យួរ ផ្តល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ចាត់ចែងក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការ រីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ ១៩) ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ៕