ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្តនិងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងស្តីពីកម្មវិធី វិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុកទាំង៨ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
លោក សេង ប៊ុនរឿន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា សេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ២០២១-២០២៣ លើកនេះ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់ស្តែងពីរសំខាន់ៗគឺ ការបង្ហាញគម្រោងទិន្នន័យដែលមានអាទិភាពខ្ពស់ របស់មន្ទីរវិស័យ អង្គភាពជុំវិញខេត្ត ដែលមានចែងក្នុងគោលនយោបាយនៃ ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២០-២០២៤ និងតម្រូវការចំណាយទុនសរុបសម្រាប់ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២០-២០២៤ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត បានជម្រុញដល់គ្រប់ស្ថាប័ន ត្រូវរៀបចំគោលនយោបាយប្រកបដោយការយកចិត្តទុកដាក់និងរៀបចំអោយបានសព្វជ្រុងជ្រោយមុននិងដាក់ជូន ដើម្បីធ្វើការអនុម័តក្នុងកិច្ចប្រជុំ ។ ជាមួយនេះឯកឧត្តម បានកោតសរសើរដល់សមាជិកអង្គប្រជុំ ដែលបានយកចិត្តទុកដាក់ និងធ្វើការពិនិត្យព្រមទាំងធ្វើ ការពិភាក្សាដើម្បីធ្វើការកែតម្រូវអក្ខរាវិរុទ្ធខ្លឹមសារបច្ចេកទេស និងបានជម្រុញអោយមន្ទីរអង្គភាពពាក់ព័ន្ទទាំងអស់ ត្រូវបន្តអនុវត្តន៍វិធានការសុវត្ថិភាពអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសក្នុងឱកាសចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ មិនត្រូវមានការជួបជុំគ្នាអោយលើសពី ២០នាក់និងត្រូវរក្សាគម្លាតយ៉ាងតិចមួយម៉ែត្រកន្លះពីគ្នា ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់អោយបានត្រឹមត្រូវ ។ បន្ថែមពីនេះទៀត ត្រូវពង្រឹងការរឹតបន្តឹងនៅតាមបណ្តោយព្រំដែន ត្រូវធ្វើចត្តាឡីស័កអោយបាន ១៤ថ្ងៃ ចំពោះពលករ ឬប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកមកពីប្រទេសថៃ ឡាវ ដើម្បីការពារការឆ្លងរីករាលដាលចូលក្នុងសហគមន៍ នៃជម្ងឺកូវីត ១៩ ដែលនាពេលថ្មីនេះមានការផ្ទុះឡើងនៅក្នុងប្រទេសថៃ រហូតឈានដល់ការបិទខេត្តមួយចំនួនជាបណ្តោះអាសន្ន ។ ត្រូវបន្តការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្រ្តខេត្តទាំងមូល ។ ពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋ លើសពីនេះត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ដើម្បីរក្សាបាននូវនិរន្តភាពការងារ ប្រសិទ្ធិភាពការងារកាន់តែល្អប្រសើរឡើងថែមទៀត និងត្រូវបន្តអនុវត្តន៍ការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម ការកាប់ទន្រ្ទានដីព្រៃខុសច្បាប់មកធ្វើជាកម្មសិទ្ធិ និងបទល្មើសផ្សេងៗទៀតនៅក្នុងខេត្ត ។
សូមបញ្ជាក់ថា ឆ្លងតាមការប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់នាពេលនេះ កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣ របស់ខេត្តព្រះវិហារ ចំនួន ៣៨/៥២ សម្លេង ៕