ព្រះវិហារៈ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបើកកិច្ចប្រជុំ«ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រយៈពេល១១ខែ របស់ខេត្តព្រះវិហារ
ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ឯឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងមានការចូលរួមមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលជាសមាជិកអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តំណាងអគ្គស្នងការនគរបាលជាតិ តំណាងមន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្តជាច្រើនរូបទៀត។
លោក សំ លាងទ្រី ប្រធានមន្ទី បានលើកឡើង ថា បញ្ហាសុវត្ថិភាពចរចារណ៍ផ្លូវគោក គឺទាមទារឲ្យយើងទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវតែចូលរួមគោរពទាំងអស់គ្នា ដោយមិនត្រូវបែងចែកពីបញ្ហាផ្លាកសញ្ញាកំណត់ល្បឿន កំណត់ពីបញ្ហាផ្លូវ កំណត់ពីបញ្ហាសញ្ញាចរាចរណ៍នោះទេ សំខាន់យើងត្រូវមានស្មាតីប្រុងប្រយត្ន័ជានិច្ចពេលធ្វើដំណើរតាមដងផ្លូវ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ដូចជាករណីផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំទៅប្រាសាទព្រះវិហារ គឺបានកំណត់ច្បាស់ណាស់ អនុញ្ញាតឲ្យរថយន្តបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ចំណែកទីប្រជុំជនគឺកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុផលនៃការកំណត់ល្បឿនលើផ្លូវជាតិលេខ៦២នេះ ដោយសារផ្លូវនេះតូចមួយគន្លងទៅមួយគន្លងមក ដូច្នេះទាំងរថយន្ត ម៉ូតូនិងគោយន្តកន្ត្រៃយ៍ គឺបើកបរលើគន្លងផ្លូវជាមួយគ្នា ចឹងហើយទើបក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ឲ្យបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងទេ ការពារកុំអោយយើងបើកបរលឿនខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។ លោក សំ លាងទ្រី បានលើកឡើងផងដែរថា ដើម្បីឆ្លើយតប និងផែនការសកម្មភាពទាង៨ចំណុចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បានធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លុវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារផងដែរ។
ដោយឡែកលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយពីបានស្តាប់ការលើកឡើងរបស់មន្ទីរ អង្គភាពនានាជុំវិញខេត្តរួចមក លោកក៏បានណែនាំ អោយមន្ទីរ អង្គភាពនានា ជាសមាជិកលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមសហការ ផ្តល់របាយការណ៍ប្រចាំខែ មកលេខធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបូកសរុបវាយតម្លៃពីបញ្ហាប្រឈមនានា រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារនេះផងដែរ៕