ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតច្បាប់សាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៣០០០គ្រួសារ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងជម្រកសមរម្យ និង ស្របតាមរចនាបទដែលបាន កំណត់ដោយច្បាប់។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាៈក្នុងរយៈពេលមួយឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរ បានដាក់ពាក្យស្នើ សុំច្បាប់សាងសង់សរុបចំនួន៤,២៨២គ្រួសារ ក្នុងនោះទទួលបានការអនុញ្ញាតជូនតែចំនួន៣០៨២គ្រួសារប៉ុណ្ណោះ។
លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាថា អាជ្ញាធរជាតិអប្សរានៅតែប្រកាន់គោលការណ៍ច្បាប់ គឺរាល់ការសាងសង់ឬជួសជុលផ្ទះនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវរក្សាតំបន់ទេសភាពអង្គរឱ្យនៅតែមានភាពស្រស់ស្អាត។លោកបន្តថាៈប្រជាពលរដ្ឋត្រូវធ្វើការដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរភូមិឃុំដែលជិតបំផុតឬនៅមជ្ឈមណ្ឌលសេវាកម្មនៃ អាជ្ញាធរជាតិអប្សរា ទើបអាចចាត់ទុកថាជាសំណង់ស្របច្បាប់។
លោកបន្តថា ក្រោយពេលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំច្បាប់សាងសង់រួចរាល់ហើយ នឹងមានក្រុមការងារសហគមន៍ចុះ ពិនិត្យវាយតម្លៃនិងសម្របសម្រួលករណីសំណើផ្សេងៗមុននឹងអនុញ្ញាតច្បាប់សាងសង់។
ប្រជាពលរដ្ឋដែលមានបំណងធ្វើការជួសជុលឬធ្វើផ្ទះ សូមកុំធ្វើការជួសជុលដោយឯកឯងដោយមិនមានការសុំច្បាប់ ព្រោះការដែលធ្វើអ្វីដោយខ្លួនឯងនេះវាផ្ទុយពីច្បាប់ ហើយរាល់ការធ្វើទាំងអស់ត្រូវដាក់ពាក្យស្នើសុំតាមរយៈភូមិឃុំសង្កាត់ ហើយមានតែតាមរយៈភូមិឃុំទេទើបអាជ្ញាធរជាតិអប្សរាធ្វើការវាយតម្លៃលើសំណើរបស់ពួកគាត់ ហើយមួយទៀតប្រជាពលរដ្ឋ ដែលចង់ដាក់ពាក្យស្នើសុំសាងសង់ផ្ទះចាស់ជំនួសផ្ទះថ្មី គាត់អាចដាក់ពាក្យនៅច្រកចេញចូលតែមួយក្នុងស្រុកដែលគាត់ ស្នាក់នៅ ឬគាត់មកដាក់ពាក្យនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា។
គួរជម្រាបផងដែរថា ការចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ សាងសង់តូចតាចជូនប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ គឺក្នុងគោលបំណងចង់ទប់ស្កាត់ការរីកដុះដាលផ្ទះសំបែង ថែរក្សា ទេសភាពវប្បធម៌អច្ឆរិយក្នុងតំបន់ឧទ្យានអង្គរ ឱ្យនៅគង់វង្សតាមសភាពដើម ហើយការស្នើសុំជួសជុលនេះ គឺពុំមានការ បង់ប្រាក់ឡើយ៕