អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងស្រុកពាមជរចំនួន ៤៨០ គ្រួសារ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ពេជ្រ ជីវ័ន ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះស្រុកពាមជរស្តីទី និងជាតំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៨០ គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកពាមជរ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ពេជ្រ ជីវ័ន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ក្នុងបរិបទនៃជំងឺកូវីត១៩ នេះ។

ឯកឧត្តមទាំងពីរ ក៏បានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនស្លាប់ដោយអត់អាហារនោះទេ។ ដោយឡែកចំពោះជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការការពារ និងអនាម័យជូនដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ហើយរហូតមកដល់ពេលនេះខេត្តព្រៃវែងមិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដ១៩ នោះនៅឡើយទេ។

ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបងប្អូនកូនក្មួយដែលធ្វើការនៅឯប្រទេសថៃសូមឲ្យគាត់នៅបន្តធ្វើការនៅទីនោះបន្តទៀត ដើម្បីបង្ការទប់ស្កាត់ការនាំចូលនៃជំងឺកូវីត១៩ មកដល់សហគមន៍នៃប្រទេសកម្ពុជាយើង និងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ សូមកុំទៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលឆ្លងនៅលើពិភពលោក ព្រមទាំងមានករណីផ្ទុះជម្ងឺកូវី១៩ ក្នុងសហគមន៍ នៃប្រទេសថៃនេះ។

ឯកឧត្តមទាំងពីរ ក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវ បន្ត អនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវី19 ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ក្នុងការរីករាយដែលឆ្លងនៅក្នុងសហគមន៍។

អំណោយរបស់សម្ដេចក្រឡាហោមដែលត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋនោះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម និងថវិកា ១ ម៉ឺនរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *