អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ពិសេស ផ្លូវ ប្រឡាយ លូ ដើម្បីការពារផលប្រយោជន៍ជាសាធារណៈ។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ណែនាំដល់មន្រ្តីពាក់ព័ន្ធទំាងអស់ត្រូវបង្កើនការទប់ស្កាត់ ការរំលោភលើចំណីផ្លូវ ឬប្រឡាយ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ការរំដោះជំនន់ទឹកភ្លៀងចេញទៅក្រៅក្រុង។
ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រឡាយមួយចំនួនត្រូវបានប្រជាពលរដ្ឋចាក់ ដីលុបដើម្បីសាងសង់ផ្ទះ ដែលធ្វើឱ្យអាជ្ញាធរជំនាញពិបាកក្នុងការស្តារប្រឡាយ ដើម្បីរំដោះ ការជន់លិចរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យ ដឹងថា នៅទូទំាងរាជធានីភ្នំពេញមានប្រឡាយមេសរុបចំនួន ៣៧ប្រឡាយ ក្នុងនោះប្រឡាយ មេធំៗមានចំនួន១៧ខ្សែ និងប្រឡាយមេរង មានចំនួន២០ខ្សែ ខណៈដែលប្រឡាយមួយ ចំនួនរងការរំលោភបំពានកាន់កាប់ខុសច្បាប់។
លោកបន្តថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានស្តារប្រឡាយចំនួន១២ខ្សែ ដែល បានជួយរំដោះការជន់លិចជំនន់ទឹកភ្លៀងបានច្រើន ហើយនៅឆ្នាំ២០២១ ខាងមុខរដ្ឋបាលរាជ ធានីភ្នំពេញមានផែនការស្តារ ប្រឡាយមេជាច្រើនទៀតនៅភាគខាងជើង និងភាគខាងលិច បន្តទៀត ដើម្បីធានាការពារកុំឱ្យជន់លិចរាជធានីភ្នំពេញនារដូវវស្សាខាងមុខ៕