កំពង់ធំៈ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ, លោកតាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វទាយកពង នៅភូមិព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ បានឲ្យដឹងថា មន្ត្រីជំនាញយើងតែងតែយកចិត្តទុកដាក់ ដល់ប្រជាកសិករម្ចាស់កសិដ្ឋាននានា ដែលបានចិញ្ចឹមសត្វទាំងអស់ ក្នុងខេត្តកំពង់ធំ ដោយតែងតែចុះពិនិត្យ និងបង្ហាញបន្ថែមនូវបច្ចេកទេសមួយចំនួនទៀត ដល់ម្ចាស់កសិដ្ឋាន។
លោកបន្តថា អ្វីដែលគួរឲ្យគិតគូរនោះ គឺមន្ត្រីជំនាញយើងក៏ដូចជាអាជ្ញាធរ បានខិតខំរកទីផ្សារបន្ថែមទៀត ឲ្យបានទាន់ពេលវេលា ជូនដល់ពួកគាត់ ជារាល់ថ្ងៃ ជាប្រចាំមន្ត្រីយើងបានមើលគិតគូរ ហើយថ្ងៃនេះយើងចុះតាមដានសុខភាពសត្វគ្រប់ប្រភេទ ណែនាំដល់ម្ចាស់ផ្ទះ ម្ចាស់កសិដ្ឋានអោយរក្សានូវអនាម័យ ការបាញ់ថ្នាំសំលាប់មេរោគ អោយបានខ្ពស់ល្អប្រសើរបន្ថែមទៀត ។លោកបន្តថា មន្ត្រីជំនាញយើងបានគាំទ្រ ទៅលើកសិករចិញ្ចឹមសត្វតាមផ្ទះ តាមកសិដ្ឋាន ហើយមន្ត្រីយើងឧស្សាហ៍ចុះពិនិត្យ ដើម្បីជួយមើលជម្ងឺសត្វជូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងខេត្ត ពេលណាមានអាការៈណាមួយ ចំពោះសត្វទាំងឡាយ ហើយយើងបានធ្វើការណែនាំ ក្នុងការប្រើប្រាស់វ៉ាក់សាំងអោយបានត្រឹមត្រូវ។ជាមួយគ្នានេះម្ចាស់កសិកម្មចិញ្ចឹមទាយកស៊ុត លោក ប៉ាន់ ថូ បានឲ្យដឹងថា រូបលោក និងគ្រួសារបានប្រកបមុខរបចិញ្ចឹមទានេះ អស់រយៈពេល២០ឆ្នាំមកហើយ ទីផ្សារពងទាកន្លងមកនេះមានតម្លៃល្អណាស់ ហើយក៏មិនមានការខាត់បង់ថវិកា ដូចពេលនេះតាំងពីមានបញ្ហាមេរោគ Covid-19 មកធ្វើអោយទីផ្សារពងទាមានតម្លៃថោក។
លោកបន្តថា «រាល់ថ្ងៃនេះខ្ញុំបានចិញ្ចឹមទាយកពង ចំនួន ៧០០០ក្បាល មានទំហំដីចំនួន ៣ហិតា ក្នុងមួយថ្ងៃត្រូវចំណាយចំណីអោយវាស៊ី អស់ជាង២លានរៀល ហើយយកពងទាបានត្រឹមតែ ៥៧០០គ្រាប់ប៉ុណ្ណោះ តម្លៃ១គ្រប់ត្រឹមតែ៣៣០រៀល ប៉ុណ្ណោះ ដូច្នេះការចំណាយច្រើន ចំណូលតិចណាស់»ពុំសូវចំណេញ។ម្ចាស់កសិកម្មចិញ្ចឹមទា សំណូមពរអោយអាជ្ញាធរមន្ត្រីជំនាញ ជួយរកទីផ្សារ និងតម្លៃជូនគាត់ផង និងសូមអោយប្រជាពលរដ្ឋ គាំទ្រការចិញ្ចឹមទាយកពង ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ និងការកាត់បន្ថយការនាំចូលសត្វពីក្រៅចូលមកក្នុងស្រុកផងដែរ៕