កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ បេទីម លើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីជំរុញដល់ការសាងសង់ឲ្យមានគុណភាពល្អ និង ការប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ អមសងខាង ផ្លូវនោះ។ពួកគាត់ក៏បានសម្តែងសេចក្តី ត្រេកអរជាខ្លាំង ចំពោះរដ្ឋបាលខេត្តកំពង់ចាមដែលបានផ្តល់កញ្ចប់ ថវិកាប្រចាំឆ្នាំ សម្រាប់ការកសាងផ្លូវ មួយខ្សែនេះឡើង ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញយកទៅលក់នៅផ្សារបឹងកុកនេះ ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នានោះក៏មានការស្ថាបនា ផ្លូវក្រាលកៅស៊ូ ប្រភេទ AC ចំនួន ៣ខ្សែ ផ្សេងទៀត រួមមាន ៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។ ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមផងដែរ ៕