អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីទទួលបានទិន្នន័យប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ចែងលោក ហាន កុសល អភិបាលរងខេត្ត ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះនាំយកថវិការបស់រាជរដ្ឋាភិបាល ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាត ចំនួន២៣ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ។
គួររំលឹកថា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ចំនួន ៤៤១នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដោយរកឃើញអ្នកដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ២៣គ្រួសារ ស្មើនឹងមនុស្ស ៣៣នាក់ ស្រី១៩នាក់ ក្នុងនោះ (គ្រួសារប្រភេទក្រ ១ ចំនួន១២គ្រួសារ និងប្រភេទក្រ២ ចំនួន១១ គ្រួសារ)ផងដែរ។
អំណោយឧបត្ថមរបស់រាជរដ្ឋាភិបាល សម្រាប់ថ្ងៃនេះក្នុង១គ្រួសារ ទទួលបានថវិកា៣០០.០០០ រៀល ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានឧបត្ថម្ភ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ ផងដែរ៕