អភិបាលខេត្តកំពង់ចាម បានអះអាងថា ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលយើងមានដើម្បីបន្តការអភិវឌ្ឍន៍ឲ្យជីវភាព ពលរដ្ឋ ប្រសើរឡើង

កំពង់ចាម :  លោ  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ថ្លែង ថា  យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ  របស់បងប្អូនប្រជាពលរដ្ឋ មានភាពប្រសើរឡើង ឲ្យបានទាន់ពេលវេលា។  ការ ថ្លែង យ៉ាង ដូច្នេះ ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)  ដែល បាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី២៣  ខែធ្នូ ឆ្នាំ២០២០  នៅ មន្ទីរ ផែនការ ខេត្តកំពង់ចាម  ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ  លោក   អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បានលើកឡើង ថា   លទ្ធផលសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ សង្កាត់ ក្រុង ស្រុក ទទួលបានការគាំទ្រ  សរុបចំនួន ២ ៣៧៤គម្រោង ស្មើនឹង៤៨% នៃគម្រោងស្នើឡើងចំនួន ៤ ៩១៣ គម្រោង ក្នុងនោះមានមន្ទីរ អង្គភាពគាំទ្របានចំនួន ២ ២២៤ គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្របានចំនួន ១៥០គម្រោង។ ដោយឡែក គម្រោងវិនិយោគ កំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥ ៥៤០ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ១ ៥៦៧ ០៣៨ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២១។

លោក អភិបាលខេត្ត  បាន សង្កត់ ធ្ងន់ថា  គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ សូមលោក -លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោង នីមួយៗឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។  ជាមួយគ្នា នោះ  ក្រុមការងារកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ចាប់ផ្តើមដំណើការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន នៅចុងខែមករា ដើម្បីដាក់ក្នុងផែនការ យុទ្ធសាស្រ្តថវិកាឲ្យបានទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក .ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០  របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្តីពី ការដាក់ឲ្យ ប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *