រដ្ឋបាលក្រុងព្រះវិហារ ចុះចែកម៉ាស់ និងផ្សព្វផ្សាយវិធានការការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីត ១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក

ព្រះវិហារៈ ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះវិហារ ដឹកនាំដោយ លោក ប៉ុក ងួន អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អធិការដ្ឋានក្រុង ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក និង ស.ស.យ.កក្រុង បានចុះចែកម៉ាស់ និងផ្សព្វផ្សាយវិធានការការពារការឆ្លងនៃជម្ងឺកូវីត១៩ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអតិថិជន ដែលចូលមកទិញទំនិញក្នុងផ្សារកំពង់ប្រណាក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសចុះយុទ្ធនាការនោះ ក្រុមការងារមិនត្រឹមតែចែកម៉ាស់ប៉ុណ្ណោះទេ គឺថែមទាំងបានអប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រោះក្រោយពេលវាស្ងប់ស្ងាត់មួយរយៈ ស្រាប់តែផ្ទុះឡើងវិញក្នុងសហគមន៍តែម្ដង ។ ជាមួយនិងសកម្មភាពចែកម៉ាស់នេះដែរ ក្រុមការងារទាំងអស់ បានធ្វើការ ផ្សព្វផ្សាយ នូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសាររបស់ក្រសួង សុខាភិបាល ដើម្បីឱ្យបងប្អូនទាំងអស់បានយល់និងចូលរួមការពារ ទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋត្រូវ រក្សាអនាម័យជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលរួមមាន ៖ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬ ជែល , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ , និងត្រូវស្វាគមន៍ដោយសំពះ ជំនួសឱ្យការចាប់ដៃ ។

ក្នុងករណីមានបញ្ហាមិនស្រួលខ្លួនណាមួយ ដូចជា៖  គ្រុនក្តៅ ក្អក ផ្តាសាយ សូមផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន , ដល់ភ្នាក់ងារសុខាភិបាល និងទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះ ដើម្បីត្រួតពិនិត្យ និងតាមដានជាបន្ទាន់ ក្រែងមានករណីកូវីដ-១៩ ។

សូមបញ្ជាក់ថា ម៉ាស់ដែលបានយកមកចែកជូននាពេលនេះ មានចំនួន ៤៥០០ម៉ាស់ ជាអំណោយរបស់ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងព្រះវិហារ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *