ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៣៥គ្រួសារ ក្នុងនោះនៅក្នុងឃុំប្រសូត្រចំនួន ២៤គ្រួសារ (រលំទាំងស្រុង៤គ្រួសារ ) និងនៅសង្កាត់បាទី ក្រុងបាវិតចំនួន ១១គ្រួសារ។
អញ្ជើញចូលរួមក្នុងពិធីនេះមានប្រតិភូព្រះបរមរាជវាំង លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយករដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ( មុង១ ភួយ១ ក្រមា១ និងសារ៉ុង១ ) មី១កេស ត្រីខ១០កំប៉ុង តង់កៅស៊ូ១ អាវយឺត១ និងថវិកាចំនួន៤០០.០០០រៀល ។ ដោយឡែកចំពោះគ្រួសារដែលរលំទាំងស្រុងចំនួន៤គ្រួសារ ទទួលបានសម្ភារៈដូចគ្នា និងថវិកាចំនួន៨០០.០០០រៀលផងដែរ។