អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផ្ដល់ជូនជនរងគ្រោះដោយសារគ្រាប់មីនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ១០លានរៀល ផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម បណ្តាលដាច់ជើងទាំងពីរ កាលពីវេលាម៉ោង ៤,៣០ នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើសូមឲ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយពីមុខរបួស ជាពិសេស សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់ “រស់នៅធម្មតា តាមបែបគន្លងថ្មី” ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ ដែលលើកទី១ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានផ្តល់ជូននូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *