ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារ៖ នារសៀលថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការ សមាគមន៍ អតីតយុទ្ធជនកម្ពុជា បានដឹកនាំក្រុមការងារសមាគម ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (អាជ្ញាធរក្រុងព្រះវិហារ) កងកម្លាំងទាំង៣ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២២គ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
អំណោយដែលគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២២គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ,មី ,ទឹកត្រី ,ទឹកសុីអ៊ីវ, ត្រីខកំប៉ុង និងថវិកា មួយចំនួនផងដែរ។
ឯកឧត្ដម ប្រធានសមាគមន៍ បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ចផងដែរ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិកម្ពុជា ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន៕