ព្រះវិហារ៖ អភិបាលស្រុកឆែប ថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយលោកឃិត សុធារ៉ា អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបានតែងតាំង ជាអភិបាលស្រុកឆែប។ ពិធីនេះស្ថិតក្រោមវត្តមានលោក គីមរិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចួលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានចូលរួមអបអរសាទរចំពោះលោក ឃិត សុធារ៉ា អតីតអភិបាលក្រុងព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកឆែប នាពេលនេះ។
អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកឡើងពីគោលការណ៍នៃការតែងតាំងអភិបាលក្រុង ស្រុក ដែលមានការអូសបន្លាយរយះពេលយូរ គឺដោយសារត្រូវឆ្លងកាត់តាមដំណាក់កាលនីមួយៗ និងការវាយតម្លៃយ៉ាងយកចិត្តទុកដាក់និងត្រឹមត្រូវ ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មុននឹងលោកបញ្ជូនបញ្ជីឈ្មោះឆ្លងទៅក្រសួងមហាផ្ទៃ និងមានការសម្រេចឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី។
អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក គីម រិទ្ធី បានថ្លែងណែនាំដល់លោកអភិបាលស្រុកឆែបថ្មី ត្រូវធ្វើជំរឿនឡើងវិញដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ខ្លួន ដែលបម្រើការការងារចាប់ពី១០ឆ្នាំឡើងទៅ ដែលពុំធ្លាប់ទទួលបានបណ្ណសរសើរឫមេដាយការងារទេ សូមស្នើសុំមេដាយការងារដើម្បីបំពាក់ជូនគាត់។
លោក គីមរិទ្ធី ក៏បានថ្លែងណែនាំដល់លោកអភិបាលស្រុកឆែប ថ្មី ត្រូវពង្រឹងប្រព័ន្ធអប់រំនៅស្រុកឆែប ប្រព័ន្ធអប់រំនៅកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ ថាតើមតេយ្យសិក្សាដំណើរការល្អ ឬអត់ មានគ្រូបង្រៀន ឬអត់ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ លោកក៏ថ្លែងនូវការចូលរួមអបអរសាទរ ចំពោះវិទ្យាល័យកំពង់ស្រឡៅ ដែលបានជាប់ចំណាត់ថ្នាក់ជាវិទ្យាល័យគម្រូលេខរៀងទី១០ ទូទាំងប្រទេស ហើយលោកនឹងដឹកនាំនាយកសាលាទូទាំងខេត្តព្រះវិហារ ទៅមើលការដឹកនាំរបស់វិទ្យាល័យកំពង់ស្រឡៅ យកវិទ្យាល័យកំពង់ស្រឡៅជាគម្រូ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងណែនាំឱ្យបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យអង្គភាពដំណើរការបានល្អ និងទទួលជោគជ័យ។
លោកអភិបាលស្រុកថ្មីត្រូវយកចិត្តទុកដាក់ចុះជាប់ជាប្រចាំជាមួយនិងសហគមន៍ ដើម្បីក្តាប់ឱ្យបានអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរកវិធានការពិនិត្យដោះស្រាយឆ្លើយតបនឹងការចង់បានរបស់ពួគាត់៕