អភិបាលខេត្តព្រះវិហារ ចុះចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៧៨៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៥០៤គ្រួសារ នៅស្រុកត្បែងមានជ័យ

ព្រះវិហារ÷ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្នាន មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី  ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងកិច្ច សហការ ពីអាជ្ញាធរមូលដ្ឋាន គម្រោងចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ការងារវាស់វែង និងគូសប្លង់ដីត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ក្បាលដីចំនួន ១០៥៥ក្បាលដី  ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ៧៨៥ក្បាលដី ក្នុងនោះ៖

-ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ មានចំនួន ៧៧០ប័ណ្ណ

-ជាកម្មសិទ្ធិរបស់រដ្ឋ មានចំនួន ១៣ប័ណ្ណ

-ជាកម្មសិទ្ធិសមូហភាពរបស់វត្ត មានចំនួន ០២ប័ណ្ណ

-រក្សាទុកមិនចេញប័ណ្ណមានចំនួន ២៧០ក្បាលដី ជាដីគ្មានទិន្នន័យ (អវត្តមានម្ចាស់មិនចូលរួម)។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងថាប័ណ្ណកម្មសិទ្ធដីធ្លីដែលចែកនាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃ របស់សម្តេចមហាបវរធិបតី ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចផ្សេងៗ។

ឯកឧត្តមបន្តថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិ កាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពី កត្តា សុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស និយាយដោយឡែក នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហាររបស់យើង៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *