កងកម្លាំង កងពលតូចអន្តរាគមន៍លេខ៩ បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ សម្រាប់សង្រ្គោះជីវិតមនុស្ស

ព្រះវិហារ÷ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់។

ពិធីផ្ដល់ឈាមនេះ ប្រព្រឹត្តធ្វើឡើង នៅទីបញ្ជាការការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងនាយទាហាន នាយទាហានរងពលទាហាន ជាច្រើនរូបទៀត។

ឯកឧត្ដម អភិបាលខេត្តព្រះវិហារថ្លែងថា ការរៀបចំពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទផ្តល់ឈាមផ្តល់ក្តីស្រលាញ់ គឺជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ស.ស.យ.ក លោកថា ក្នុង១ថ្ងៃមន្ទីរពេទ្យត្រូវការឈាមចំនួន៣ផ្លោក ដូច្នេះក្នុង១ខែមន្ទីរពេទ្យត្រូវការឈាមប្រមាណ១០០ផ្លោក សម្រាប់ធ្វើការវះកាត់ ដល់អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់នៅតាមមន្ទីរពេទ្យ។

ឯកឧត្ដម គីម រិទ្ធី បានបន្តថា ប្រសិនបើគ្មានឈាមទេ ពេទ្យរបស់យើងមិនអាចមានលទ្ធភាពវះកាត់អ្នកជំងឺបានទេ បើគ្មានឈាមយើងមិនអាចសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺនៅមន្ទីរពេទ្យបានទេ ហើយការផ្តល់ឈាមនាពេលនេះគឺដើម្បីទ្រទ្រង់នៅមន្ទីរពេទ្យរបស់យើង។

តាមរយះការផ្តល់ឈាមវិលជុំដោយស្ម័គ្រចិត្តរបស់រដ្ឋបាលក្រុង ស្រុក ទាំង៨ និងការផ្តល់ឈាមរបស់កងទ័ពឈរជើងនៅតាមព្រំដែន ឯកឧត្ដម អភិបាលខេត្តសង្ឃឹមថា នឹងអាចផ្តល់ឈាមពេញមួយឆ្នាំជូនមន្ទីរពេទ្យបានគ្រប់គ្រាន់។

សម្រាប់រូបលោកផ្តាល់មកដល់ម៉ោងនេះ ថ្ងៃនេះ លោកបានផ្តល់ឈាមដោយស្ម័គ្រចិត្តចំនួន២០ដងរួចមកហើយ ដោយលោកធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើងចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត យ៉ាងហោចណាស់មួយឆ្នាំម្តង ដើម្បីទុកជាអនុស្សាវរីយ៍ និងជាសិល្បៈនៃការចែករំលែកផងដែរ។

សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ ដែលចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះមានចំនួន១៧៣នាក់

ស្រី៣១នាក់ ក្នុងនោះ៖ * អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៨២នាក់

*ឈាមដែលបូមបានចំនួន៩១នាក់ ក្នុងនោះក្រុមឈាម O+ចំនួន ៣២ សាក់.ក្រុមឈាម AB+ ចំនួន០៣ សាក់.ក្រុមឈាម A+ ចំនួន ៣០សាក់.ក្រុមឈាម B+ ចំនួន២៦ សាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *