និស្សិតចំនួន៨នាក់មកពីរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរបានឧបត្ថម្ភថវិកាការស្នាក់នៅ និងហូបចុកបន្តកាសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព្រះវិហារ៖កាលពីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមទាំងលោក-លោកស្រីព្រឹទ្ធបុរសនៃមហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម បានជួបសំណេះសំណាលជាមួយនិស្សិតចំនួន៨នាក់មកពីរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងនោះមានផ្នែកស្ថាបត្យកម្មចំនួន៤នាក់ និងបុរាណវិទ្យាចំនួន៤នាក់។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានផ្តល់អាហារូបករណ៍ជូនដល់និស្សិតទាំង៨នាក់រហូតដល់រៀនចប់បរិញ្ញាបត្រ។ ចំណែកអាជ្ញាធរជាតិព្រះវិហារបានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតទាំង៨នាក់សម្រាប់ការស្នាក់នៅ និងហូបចុក។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក ឯកឧត្តមសាកលវិទ្យាធិការ និងព្រឹទ្ធបុរសមហាវិទ្យាល័យទាំង២ បានសាកសួរអំពីសុខទុក្ខអំពីការរស់ប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញ អំពីសុខភាព រួមទាំងបញ្ហាផ្សេងៗដែលនិស្សិតជួបប្រទះ។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានផ្ដល់ដំបូន្មានល្អៗដល់និស្សិត និងលើកទឹកចិត្តប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពដើម្បីអនាគតរបស់ខ្លួន។  ក្នុងពេលនោះដែរឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានផ្ដល់ឱកាសឱ្យនិស្សិតទទួលបានការសិក្សាបន្ថែមភាសាបារាំង នៅវិទ្យាស្ថានភាសាបារាំងនៅភ្នំពេញ និងផ្ដល់ឱកាសឲ្យនិស្សិតទទួលបានចុះកម្មសិក្សា ឬហាត់ការពាក់ព័ន្ធទៅនឹងជំនាញដែលខ្លួនកំពុងរៀននៅរមណីយដ្ឋានប្រាសាទកោះកេរនិងព្រះវិហារថែមទៀត។

ការផ្តល់អាហារូបករណ៍និងទំនុកបម្រុងដល់និស្សិតមកពីរមណីយដ្ឋានទាំងពីរបានមកសិក្សារៀនសូត្រនៅសាកលវិទ្យាល័យភូមិន្ទសិល្បៈលើជំនាញស្ថាបត្យកម្ម និងបុរាណវិទ្យា គឺគ្មានអ្វីក្រៅពីចង់ឱ្យប្អូនៗក្លាយជាធនធានមនុស្សក្នុងការបន្តវេនជាអ្នកថែរក្សា ការពារ និងសិក្សាស្រាវជ្រាវអំពីមរតកវប្បធម៌ក្នុងមូលដ្ឋានរបស់ខ្លួននាពេលអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *