ព្រះវិហារ÷ នៅព្រឹកថ្ងៃ ទី៥ ខែមករាឆ្នាំ២០២៥ នៅទីបញ្ជាការកងវរៈសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបិទវគ្គហ្វឹកហ្វឺន ក្បាច់គុណ កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤ស្ថិតនៅភូមិមហាផល ឃុំ ឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ពិធីនេះប្រព្រឹត្តិទៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងមានការចូលរួម ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ ភាស្តុភា យោធភូមិភាគទី៤ ឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការរង យោធភូមិភាគទី៤ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការ កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូប។
ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានឡើងអានមតិស្វាគមន៍និងស្ថានភាពរួមនៃការបិទវគ្គហ្វឹកហ្វឺន ក្បាច់គុន កងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២៤ តាមកម្មវិធីនិងផែនការហ្វឹកហ្វឺនតាមថ្នាក់លើបានកំណត់ ហើយបញ្ជប់វគ្គហ្វឹកហ្វឺនរៀនសូត្រនាពេលនេះ មានរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២៥ បញ្ចប់វគ្គ ដោយមានសិក្ខាមហ្វឹកហ្វឺន គ្រូយោធាចារ្យ គណៈកម្មាការគ្រប់គ្រងវគ្គសារុប១២២នាក់ផងដែរ។
ទន្ទឹមនិងនេះ ក៏មានការជួយទំនុកបំរ៉ុង និងដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការជួយផ្គត់ផ្គង់រាល់ការងារ ចលនុប្បត្ថពីសំណាក់ នាយកដ្ឋានភស្តុភារ ប្រចាំការជួរមុខ និងសប្បុរសជនផងដែរ ទើបអង្គភាពអនុវត្តន៍ដំណើរការ ការងារហ្វឹកហ្វឺនទទួលបានជោគជ័យគួរជាទីមោទនៈ។
ឯកឩត្ដម អភិបាលខេត្ត គីម រិទ្ធី បានថ្លែងនូវការកោតសសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសហការបំពេញភារកិច្ចចូលរួមជាមួយស្ដាប័នពាក់ព័ន្ធបង្រ្គាបបទល្មើសដែលថ្នាក់លើប្រគល់ជូនឱ្យទទួលបានជោគជ័យ និងបានផ្ដាំផ្ញើរដល់សិក្ខាមទាំងអស់ដែលបានហ្វឹកហ្វឺនរៀនសូត្រក្បាច់គុណនាពេលនេះត្រូវអនុវត្តយកចិត្តទុកដាក់នូវខ្លឹមសារមេរៀនក្បាច់គុណដែលបានរៀននិងអនុវត្តជាក់ស្ដែងយកទៅបង្ហាត់បង្រៀនដល់អង្គភាពនិមួយៗដើម្បីអនុវត្តអោយមានប្រសិទ្ធភាពដើម្បីបំរើដល់ជាតិមាតុភូមិ៕