រថយន្តបាឡែនដឹកឈើមួយគ្រឿង បើកធ្លាក់ផ្លូវបុកដើមឈើ បណ្តាលឱ្យអ្នកបើកបរស្លាប់ និងអ្នករួមដំណើររងរបួសជាទម្ងន់ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បុរសពីរនាក់ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូរថយន្តបាឡែនដឹកឈើ ១គ្រឿង បានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ ១ដើមដួលរាបដល់ដី បណ្តាលឱ្យគាបជាប់ក្នុងរថយន្តស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នាវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងរបាយការណ៍របស់ នគរបាលចរាចរណ៍ផ្លូវគោកស្រុកជាំក្សាន្ត បានឱ្យដឹងថា មានរថយន្តបានឡែនដឹកឈើ ១គ្រឿង បានបើករេចង្កូតធ្លាក់ផ្លូវ ហើយបានជ្រុលទៅបុកដើមឈើ ១ដើម ដែលនៅប្របនឹងដងផ្លូវនោះ បណ្តាលឱ្យបុរសជាអ្នកបើកម្នាក់ ឈ្មោះ ធី ថន អាយុ ៣៥ឆ្នាំ (បានស្លាប់នៅនឹងកន្លែងកើតហេតុ)។ និងម្នាក់ទៀត ឈ្មោះ តន់ សារ៉ូ អាយុ ៣៦ឆ្នាំ មុខរបរកម្មករ (រងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង ជាអ្នករួមដំណើរ) ជនរងគ្រោះទាំង ២នាក់ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងរបាយការណ៍បានបង្ហាញឱ្យដឹងទៀតថា ជនរងគ្រោះទាំង ២នាក់ ជិះរថយន្តម៉ាក camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB.4229 បើកបរពីទិសខាងកើតទៅ ទិសខាងលិច ហើយរថយន្តបានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង (ខូចខាតធ្ងន់)។
ក្រោយពេលកើតហេតុសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តឧត្តរមានជ័យ។ ដោយឡែក អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យអគ្គស្រអែម ស្ថិតក្នុងស្រុកជាំក្សាន្ត ចំពោះវត្ថុតាងរថយន្ត ១គ្រឿង និងឈើជាច្រើនសន្លឹក ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *