ព្រះវិហារ÷នារសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហាត បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
មានការអញ្ជើញពី ឯកឧត្តម ឧត្តមសេនីយ៍ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្តមប្រធានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកប្រធានពន្ធនាគារខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង០៨ លោក/លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក/លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ លោក/លោកស្រីអធិការរងនគរបាល ក្រុង/ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ/សង្កាត់។
ក្រោយពីបាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចមក។
ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានពិនិត្យវាយតម្លៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធលេីការងារសន្តិសុខ,បទល្មើសគ្រឿងញៀន ,បទល្មើសព្រហ្មទណ្ឌ ,ការជួញដូរមនុស្ស ,ក្មេងទំនេីង ,ល្បែងស៊ីសង ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះត្រូវជុំរុញបន្ថែមចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផងដែរ។
ក្នុងកិច្ចបិទសន្និបាតនាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់លិខិតសរសើរ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ព្រមទាំងបានផ្ដល់នូវថវិកាជូនកងកម្លាំង ចំនួន២១៩នាក់ ដែលបានចូលរួមក្នុងកម្មវិធី និងបានឧបត្ថម្ភថវិកាដល់ស្នងការដ្ឋាននគរបាលខេត្ដព្រះវិហារ ផងដែរ។
និងបានប្រគល់ម៉ូតូ ចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ផងដែរ៕