ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី គីមរិទ្ធី អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ព្រមទាំង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការ ក្នុងខេត្តព្រះវិហារ បានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ“សិទ្ធ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ៥ធ្នូ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
នាឱកាសនោះ លោកជំទាវ សុខា គងពិសី អនុប្រធានកិត្តិយសសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
នៅក្នុងឱកាសដ៏ថ្លៃថ្លា ដែលពោរពេញដោយសេចក្តីសោមនស្សរីករាយ ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពល រដ្ឋ ទៅលើការឈានឆ្ពោះទៅការបញ្ចប់អេដស៍ ក្នុងន័យនេះមានគោលបំណងទាញការយកចិត្តទុកដាក់របស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុង ប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍/ជំងឺអេដស៍។ ហើយត្រូវចូលរួមអនុវត្តតាមរយ:សារលិខិតសំខាន់ៗទាំង ៦ចណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
ក្នុងពិធីនេះលោកជំទាវ សុខា គងពិសី អនុប្រធានកិត្តិយសសាខាក៏បានឧបត្ថមថវិកាផ្ទាល់ខ្លួន សរុបចំនួន ១៤០នាក់ រួមមាន៖
-គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥០គ្រួសារ និងជនមានពិការ ចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។
-ឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត ចំនួន ៤០នាក់ នូវថវិកាចំនួន ៥០,០០០រៀល សាប៊ូម្សៅ ១គីឡូ។
-ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣០នាក់ ថវិកាចំនួន ៥០,០០០រៀល សៀវភៅ ២ក្បាល និងប៊ិច ១ដើម៕