ព្រះវិហារ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ឈាមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា និងអញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងយុវជនសហភាពសហព័ន្ធកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀត។
លោក គីម រិទ្ធី បានថ្លែងថា អគារមណ្ឌលផ្តល់ឈាមនេះមានទំហ៊ុំ៤ម៉ែត្រគុណ១៦ម៉ែត្រ មានកន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបានបំពាក់ឧបករណ៍ បរិក្ខាមួយចំនួនដូចជា ទូរទឹកកកសម្រាប់ទុកឈាមធម្មតា និងទូរទឹកកកសម្រាប់ទុកផ្លាស្មា ដែលជាមូលហេតុងាយស្រួលមិនបាច់ចល័តយកមកពីភ្នំពេញនិងពីខេត្តសៀមរាបទេ។
លោក គីម រិទ្ធី បានថ្លែងទៀតថា លោកបានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ខេត្ត ចូលរួមក្នុងវប្បធម៌ចែករំលែក បានធ្វើចលនាជាការផ្តល់ឈាម ក៏ដូចជាការជំរុញការផ្តល់ឈាមប្រកបដោយចីរភាព បញ្ជូនទៅដល់ពេទ្យខេត្ត ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ។
លោកថា រយៈពេល២ឆ្នាំនេះសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមន្ត្រីរាជការនៅទូទាំងខេត្តព្រះវិហារ បានផ្តល់ឈាមជូនខេត្តប្រមាណ២០០០ផ្លោក ហើយពិធីសម្ពោធអគារមណ្ឌុលផ្តល់ឈាមនាពេលនេះ គឺដើម្បីអបអរ សាទរខួបទី២០ឆ្នាំ នៃទិវាផ្តល់ឈាមពិភពលោក ហើយសម្រាប់ថ្ងៃនេះលោកក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមលើកទី២០ដែរ។
លោកឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរចំពោះក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលបានសម្រេចសាងសង់អគារមណ្ឌលផ្តល់ឈាមដ៍ថ្មីស្រឡាង។ លោកបានកោតសរសើរលោក គីម រិទ្ធី ដែលបានផ្តួចផ្តើមគំនិតក៏ដូចជា ឧបត្ថម្ភទាំងស្មារតី និងធនធានក្នុងការកសាងអគារមណ្ឌលផ្តល់ឈាមនេះ និងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ បុគ្គលិក មន្ទីរពេទ្យបង្អែក១៦មករា ដែលបានគាំទ្រគំនិតផ្តួចផ្តើមនេះ ពិសេសបានផ្តល់ទីតាំង ដើម្បីសាងសង់អគារមណ្ឌលផ្តល់ឈាមនេះឱ្យលេចចេញជារូបរាង។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា អគារមណ្ឌលផ្តល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានសាងសង់ឡើងបង្កើតអគារមណ្ឌលផ្ត់ឈាមមួយមានលក្ខណៈស្របនឹងស្តង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ សម្រាប់ខេត្តព្រះវិហារ ពិសេសសម្រាប់ជំរុញចលនាបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្រ្គោះដល់អាយុជីវិត ប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់នៅក្នុងខេត្តព្រះវិហារ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តាំផ្ញើថា ក្រោយពីបានអគារមណ្ឌលផ្តល់ឈាមនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានសកម្មភាពនៃការផ្តល់ឈាម ដើម្បីជាគោលដៅក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ទៅលើឈាម ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគាត់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌុលផ្តល់ឈាម និងបានចូលរួមបរិច្ចាកឈាមលើកទី១៣ដោយក្តីសោមនស្សសប្បាយរីករាយផងដែរ៕