ឯកឧត្តម ទេព ធន អញ្ជើញប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារ

ព្រះវិហារ៖  នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាព ឯកឧត្តម​ ទេព​ ធន​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបទៀត។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, រដ្ឋបាលខេត្តព្រះវិហារ នឹងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្នទូទាំងខេត្តឱ្យហើយ នៅចុងឆ្នាំ២០២៥ខាងមុខនេះ។

លោក គីម រិទ្ធី បានថ្លែងថា ការអនុវត្តការចុះបញ្ជីដីធ្លីពិតណាស់គឺមានការស្មុគ្រស្មាញ ដោយសារទី១គឺដីនៅក្នុងដែន និងទី២ ដីនៅក្រៅដែន ហើយដីនៅក្រៅដែនគឺមានការងាយស្រួលក្នុងការចុះបញ្ជី ហើយក៏នៅមានបញ្ហា រំលោភដីធ្លី និងបញ្ហារំលោភព្រំដីផងដែរ។

អភិបាលខេត្តព្រះវិហារ បានណែនាំអភិបាលក្រុងស្រុកទាំង៨ សូមបន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធីឱ្យអស់ពីលទ្ធភាពមុននឹងបញ្ជូនមកខេត្ត ពោលគឺការដោះស្រាយខ្លះមានលក្ខណៈលំៗ។ លោកថា ការដោះស្រាយវិវាទដីធ្លី នៅថ្នាក់ស្រុក សូមយកមន្ត្រីបច្ចេកទេសភូមិបាលស្រុកដែលមានស្រាប់នៅទីនោះ ព្រោះមានឧបករណ៍គ្រប់គ្រាន់ ដោយយើងឡើងផែនទីគ្រប់ភាគីទំនាស់ទាំងអស់ ហើយដោះស្រាយតាមលក្ខណៈបច្ចេកទេស នេះសម្រាប់ដីនៅក្រៅដែន។

ដោយឡែកចំពោះដីនៅក្នុងដែនជម្រកវិញគឺមានភូមិចំនួន៣៣ ដោយមិនគិតពីភូមិរណប ដែលរដ្ឋបាលស្រុក រដ្ឋបាលខេត្ត ពិតជាមានបញ្ហាប្រឈមនិងត្រូវស្នើសុំឆ្វៀលចេញ ហើយកន្លងមកក្រសួងបរិស្ថានក៏បានចុះធ្វើបែបបទភូមិ នៅក្នុងដែនដែរ។

ដូច្នេះដើម្បីចុះបញ្ជីដីឱ្យបានចប់មុនបំណាច់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលក្រុង ស្រុក ដឹកនាំក្រុមការងារបំពេញនិតិវិធីឱ្យបានចប់ ដើម្បីក្រុមការងារបច្ចេកទេសរបស់យើងធ្វើការអនុវត្ត ហើយមន្ទីរដែនដីខេត្តត្រូវខិតខំចុះបញ្ជីដី នៅឆ្នាំ២០២៥ ហើយដាក់កម្មវិធីមួយអាទិត្យម្តងដើម្បីឱ្យខេត្តចុះចែកបណ្ណដីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យហើយមុនបំណាច់ឆ្នាំ២០២៥។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ បានផ្តាំផ្ញើរនិងជម្រុញដល់លោកប្រធានមន្ទីរដែលទើបប្រកាសតែងតាំងថ្មីសូមអនុវត្តនទៅតាមអនុសាសនរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងដែនដីនគរោបនីយកម្មនិងសំណង់ ធ្វើយ៉ាងណាខិតខំប្រឹងប្រែងផ្តល់សេវាចុះបញ្ជីរដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

សូមបញ្ជាក់ថា លោក សរ សាវេត  ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ១ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារថ្មី ជំនួសលោក សំ សារឿន ដែលទទួលភារកិច្ចថ្មី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *