ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ អបអរសាទរប្រារពខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ (៩.វិច្ឆិកា.១៩៥៣ ៩.វិច្ឆិកា.២០២៤) និងខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះប្រារពធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរូមមន្រ្តីរាជការតាមមន្ទីរចំណុះរដ្ឋបាលខេត្ត មន្រ្តីរាជការតាមបណ្ដាក្រុង ស្រុក ទាំង៨ទូទាំងខេត្តជាច្រើនរូបផងដែរ។
ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយថ្ងៃនេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បតិខួបលើកទី២០ឆ្នាំ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្តថ្លែងបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីសំដែងនូវមនោសញ្ចេតនារីករាយ និងអបអរសាទរក្នុងឱកាសព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត និងការរំលឹកដឹងគុណូបការៈ និងស្នាព្រះហស្ថដ៍ឧត្តុង្គថ្លៃថ្លា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ទទួលបានឯករាជ្យពេញបរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ឯកឧត្តម គីម រិទ្ធី បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ខុប្បន្ន តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័់ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕