ព្រះវិហារ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ក្នុងការចុះពិនិត្យនោះដែរ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត មានការចូលរួម មេបញ្ជាការរងកងទ័ពជើងគោក អភិបាលរងខេត្ត កងកម្លាំងទាងបី ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។
ទន្ទឹមនិងនោះ នាយឧត្ដមសេនីយ៍ និងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ និងបទល្មើសនេសាទបទល្មើសព្រៃឈើ បទល្មើសកាប់រុករានយកដីរដ្ឋខុសច្បាប់ នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដែលកិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ព្រះវិហារ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដាក់ចេញនូវផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយ និងកងកម្លាំង ព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្តភារកិច្ចរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងជំរុញបន្ថែមទៀត ឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនិងនោះ នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ទៅលើបទល្មើសនេសាទ ដោយរួមគ្នាទប់ស្កាត់ ជនចំណាក់ស្រុកពីបណ្ដាខេត្តផ្សេងៗ មកនេសាទក្នុងខេត្តព្រះវិហារ នឹងបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ឱ្យខានតែបាន៕