កងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធា ដើម្បីមានប្រៀបប្រយុទ្ធនៅលើសមរភូមិ

ព្រះវិហារ៖ សិក្ខាកាម ៣៤០នាក់ មកពីបណ្តាអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នលើជំនាញរថក្រោះ រថពាសដែក ជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច តាមបណ្តា កងពលតូចចំណុះទាំង៣ គឺកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី ដើម្បីមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ។

ពិធីបិទវគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ បានធ្វើឡើងក្រោមអធិបតីភាព អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាព ប្រចាំទិសទី១ ប្រាសាទព្រះវិហារ មន្ទីរ អង្គភាពពាក់ព័ន្ធ  គ្រូយោធាចារ្យ កម្មសិក្សាការី (សិក្ខាកាម) នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត ផងដែរ ។មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងពីលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២៣ កន្លងមក គឺមាន ៤វគ្គ ដោយមានសិក្ខាកាមចូល រួម ៤០០នាក់ គ្រូយោធាចារ្យ ៤០នាក់ រយៈពេល ៣ខែ ហ្វឹកហ្វឺនលើវគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម ១វគ្គ សិក្ខាកាមចូលរួម ១០០នាក់ និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច របស់បណ្តាកងពលតូចចំណុះទាំង៣ មាន ៣វគ្គ មានសិក្ខាកាម ៣០០នាក់។លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា នៅចុងបញ្ចប់វគ្គ សិក្ខាកាមទាំងអស់សុទ្ធតែទទួលបានលទ្ធផលល្អ កត្តានេះបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ពីសំណាក់នាយទាហាន តាមបណ្តាជំនាញពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ក៏ដូចជាការខិតខំប្រឹងប្រែងដោយផ្ទាល់ ពីសំណាក់សិក្ខាកាមតាមវគ្គនីមួយៗ ផង ដែរ។

ដោយឡែក វគ្គហ្វឹកហ្វឺនឆ្នាំ២០២៤នេះ មានចំនួន ៥វគ្គ មានសិក្ខាកាមចូលរួម ៣៤០នាក់ គ្រូយោធាចារ្យ ១៧នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ មាន ២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច តាមបណ្តាកងពលតូចចំណុះទាំង៣ គឺកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៣វគ្គ ថែមទៀតផង។

អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលនេះសបញ្ជាក់ឱ្យឃើញ អំពីការខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងារ ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើន លើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នកងកម្លាំង ទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ដើម្បីធានាចីរភាព នៃខឿនការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការងារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាននេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្ត ជូនប្រជាជនមិនឱ្យជនណាមកបំផ្លិចបំផ្លាញបានជាដាច់ខាត។

លោក គីម រិទ្ធី បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំយោធិន ឱ្យបន្តគិតគូរ រៀបចំផែនការហ្វឹកហ្វឺនលើជំនាញផ្សេងៗទៀត ដើម្បីបន្តពង្រឹងសមត្ថភាពកងទ័ព ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង សំដៅចូលរួមចំណែក ក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល លើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *