ដោយ៖ ស៊ឹមចរិយា
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ យោធភូមិភាគទី៤ ការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលកំពុង់ឈរជើងតាម បណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរចំពោះកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ដែលកំពុង់ឈរជើងការពារព្រំដែននៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ដពុះពារការលំបាកក្នុងការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យជាតិ ព្រមការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បង្ការ ការទប់ស្កាត់បទល្មើសនានា ជាពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ជាមួយនេះ សូមបន្តកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ដោយឈរលើស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។
បន្ថែមពីនេះ សូមបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានាដែលកើតមានតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការម៉ឺងម៉ាត់ និងសហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងការចុះពិនិត្យ នឹងសួរសុខទុក្ខនាឪកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំ យកនូវអំណាយទៅផ្ដល់ជូនកងកម្លាំងឈរជើងទាំងបីទីតាំងខាងលើ ដោយក្នុងមួយទីតាំងទទួលបាន អង្ករ ២៥០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ ព្រម ទាំងថវិកា ២លានរៀលផងដែរ៕