ពិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់

ព្រះវិហារ÷ ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារ។
ការបរិច្ចាកនេះធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុករវៀងខេត្តព្រះវិហារ ស្ថិត ក្រោមវត្តមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្តដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣ មន្រ្តីរាជការ សហភាពសហព័ន្ធ យុវជនកម្ពុជា នឹងប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
លោក គឹម ចាន់បញ្ញា បានសម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណចំពោះវត្តមាន របស់ថ្នាក់ដឹកនាំស្រុក ក៍ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគ ឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។
លោកបន្តថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជា ពិសេស គឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារយើង មានតម្រូវការឈាម គិតជាមធ្យមយើង ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ០៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ ហេតុនេះ សូមអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិ ច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យមានដំណើរ ការជារៀងរាល់ខែជាប់ជាប្រចាំយ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជន រងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះឡើយ។
សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ១០២នាក់ អ្នកមិនមាន លក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៤៩នាក់ ឈាមដែលបូមបាន ចំនួន៥៣នាក់ ក្រុមឈាម O+ ២២សាក់, AB+  ០១សាក់, A+ ១៤សាក់, B+ ១៦សាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *