ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពិការ- ពលី និងគ្រួសារក្រីក្រ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ៩៧គ្រួសារ ដែលអញ្ជើញមកពីបណ្ដាឃុំនៃស្រុកឆែប ចំនួន៥២គ្រួសារ និងអញ្ជើញមកពីក្រុងព្រះវិហារ ចំនួន ៤៥គ្រួសារនិងទទួលអំណោយមនុស្សធម៌ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជន ពិការ និងអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាមគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រគល់អំណោយមនុស្សធម៍ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់គ្រួសារអតី តយុទ្ឋជន ពិការ-ពលី និងគ្រួសារក្រីក្រចំ នួន ៩៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ០១កេស ទឹកត្រី ចំនួន០១យួរ ទឹកស៊ីអ៊ីវ ចំនួន០១យួរ និងត្រីខកំប៉ុង ចំនួន ១យួរផងដែរ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ នឹងត្រូវខិតខំបង្ករបង្កើនផលដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារនិមួយៗតាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំនឹងប្រាក់បំណាច់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
ទន្ទឹមនោះដែរ ក្រុមគ្រួសារអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថមតាមរយៈឯកឧត្ដម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនយើងនៅទូទាំងខេត្តព្រះវិហារនាពេលកន្លងទៅ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើង៕ដោយ៖ សេង ពិសិដ្ឋ