ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាកសិករ ដែលប្រកបមុខរបរដាំ ដំណាំស្វាយកែវរមៀត មានការត្អូញត្អែរ រអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈដែលតម្លៃទីផ្សារដំណាំមួយនេះ នៅដើមខែកញ្ញា បានឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់ លុះក្រោយមកក៏ធ្លាក់ថ្លៃយ៉ាងគំហុកជារៀងរាល់ថ្ងៃ បន្ទាប់ពីពួកគាត់នាំគ្នាសម្រុកប្រមូលផលលក់ ខណៈដែលឈ្មួញកណ្តាលដឹកចេញទៅលក់ដូរនៅប្រទេសថៃ ក៏ត្រូវបង់ថ្លៃក្បាលឡាន ឱ្យទៅមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិព្រំមួយចំនួនថែមទៀត។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ទុយ សយ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិសួនអំ ពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានដាំដំណាំស្វាយកែវរមៀតចំនួន៥៧០ដើម នៅលើដីចំការរបស់ខ្លួននៅចំណុចខកមូសក្នុងភូមិខាងលើ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក៏បានទទួលផលផ្លែរយៈពេល៣ទៅ៤ឆ្នាំហើយដែរ។ ស្រ្តីកសិកររូបនេះ បានបន្តទៀតថា ក្នុងការប្រមូលផលនាដើមខែកញ្ញា ឆ្នាំ២០២៤នេះ ផ្លែស្វាយកែវរមៀតខ្ចី ១គីឡូក្រាម ឈ្មួញហ៊ានទិញក្នុងតម្លៃ២១០០រៀល ដែលតម្លៃនេះ គឺខ្ពស់អាចឱ្យគាត់ទទួលយកបាន និងសប្បាយរីករាយយ៉ាងខ្លាំង ដោយគាត់ម៉ៅផ្លែស្វាយឱ្យឈ្មួញបេះបានជិត១០តោន លុះប៉ុន្មានថ្ងៃក្រោយមក គាត់បេះផ្លែស្វាយបានជាង២០តោន។ តែតម្លៃទីផ្សារចាប់ផ្តើមធ្លាក់ចុះ ដោយឈ្មួញទិញ ១គីឡូក្រាម ត្រឹមតែតម្លៃ១៤០០រៀល។ ថ្ងៃក្រោយមកជាប់ៗគ្នា តម្លៃទីផ្សារក៏ចាប់ផ្តើមធ្លាក់ចុះ នៅត្រឹមតែ១គីឡូក្រាម ១០០០រៀលប៉ុណ្ណោះ ដោយគាត់ប្រមូលផលផ្លែ ស្វាយខ្ចី បេះលក់សរុបជាទឹកប្រាក់បានប្រហែល៤០ម៉ឺនរៀល។ គាត់បញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃទីផ្សារផ្លែស្វាយបន្តធ្លាក់ចុះ នៅសល់ត្រឹមតែ១គីឡូក្រាម ៨៥០រៀល។ ទោះបីជាយ៉ាងណា ការលក់ដូរផ្លែស្វាយកែវរមៀតខ្ចីរបស់គាត់ មិនមានការខាតបង់ច្រើននោះទេ ពោលគឺអាចរួចខ្លួន ដោយសារតែបេះទាន់ពេលផ្លែស្វាយកំពុងឡើងថ្លៃ។ តែអ្នកដែល ទើបប្រមូល ផលតាមក្រោយជាបន្តបន្ទាប់ អាចនឹងមានការខាតបង់ច្រើន ដោយសារតែ ត្រូវចំណាយទៅលើ សម្ភារៈកសិកម្ម ឡើងថ្លៃខ្ពស់ គិតថ្លៃជួលកម្មករ និងជួលឱ្យគេបាញ់ថ្នាំកំចាត់ស្មៅ ថ្លៃដាក់ជីថែបំប៉នប៉ូវដើម ដាក់អកម៉ូន គ្រប់បែបយ៉ាង អស់ច្រើនគួរឱ្យកត់សម្គាល់។
បើតាមប្រភពព័ត៌មានពីឈ្មួញកណ្តាលម្នាក់ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឱ្យដឹងថា ៖ តម្លៃទីផ្សារផ្លែស្វាយកែវរមៀតខ្ចីនាពេលនេះចាប់ផ្តើមធ្លាក់ចុះហើយ ដោយសារតែខាងភាគី ថៃ គេទម្លាក់តម្លៃទីផ្សារ ទើបខាងលោកក៏ទម្លាក់ថ្លៃដូចគ្នា។ ឈ្មួញកណ្តាលបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញផ្លែស្វាយកែវរមៀតទៅលក់ដូរនៅប្រទេសថៃ ត្រូវបង់ឱ្យខាងច្រកទ្វារអន្តរជាតិព្រំអស់ច្រើនគួរសមដែរ បើរត់ការខ្លួនឯង គ្រាន់តែបង់ឱ្យគយខ្មែរចំនួន១០ម៉ឺនរៀល គយថៃ៥០០បាត (រថយន្តទម្ងន់៥តោន) និងបង់៥ម៉ឺនរៀល ខាងថៃ៣០០បាត (រថយន្តទម្ងន់២តោន) ។ បើពឹងឱ្យគេរត់ការឱ្យ គឺសរុបទាំងអស់ ដោយបង់ឱ្យច្រកទ្វារអន្តរ ជាតិខាងខ្មែរ និងខាងថៃ រថយន្តធំទម្ងន់៥តោន ត្រូវបង់៤៨ម៉ឺនរៀល និងរថយន្តទម្ងន់៥តោន ត្រូវបង់ចំនួន១៨ម៉ឺនរៀល។ លើសពីនេះ បើគិតគូរកាច់កិនថ្លៃចំណាយបង់ថ្លៃនាំចេញ និងថ្លៃ ជួលកម្មករឱ្យបេះផ្លែស្វាយ គឺមិនចំណេញប៉ុន្មាននោះទេ។ តែក៏អាចសល់តិចតួច សម្រាប់ផ្គត់ផ្គង់ ជីវភាព ព្រមទាំងជួយឱ្យកសិផលប្រជាពលរដ្ឋនៅតាមចំការលក់បានថវិកាផ្គត់ផ្គង់ជីវភាព។
ចំណែកប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ការនាំចេញកសិផលខ្មែរទៅលក់ដូរនៅប្រទេសថៃ ឬក្រៅប្រទេស គួរតែកុំតម្រូវឱ្យបង់ប្រាក់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងទៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំ ជាច្រើនលើកច្រើនសារ តែទូរស័ព្ទចូល អត់មានអ្នកទទួល។ ចំណែកខាងប្រធានគយ និងរដ្ឋាករ សាខាខេត្តប៉ៃលិន ក៏ភ្នាក់ងារយើងបានទូរស័ព្ទចូល តែអត់មានអ្នកទទួលដែរ៕ដោយ៖ នីយ៉ា