ព្រះវិហារ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះជួបសំណេះសំណាលនិង បំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់ រំដែលមានស្នាដៃល្អក្នុងការបំពេញការងារ នៅខេត្តព្រះវិហារ។
ពិធីនេះប្រព្រឹត្តិនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តខេត្ត។
មានមតិស្វាគមន៍និង របាយការណ៍នាឱកាសនោះ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត បានបញ្ជាក់ថា សម្រាប់វិស័យអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នៅឆ្នាំសិក្សា ២០២៣-២០២៤នេះ ខេត្តព្រះវិហារមានគ្រឹះស្ថានសិក្សាគ្រប់ផ្នែកចំនួន ២០៧កន្លែង មានសិស្សានុសិស្សសរុប ចំនួន ៦២.៣៧៦នាក់ ស្រី ៣១.៨៥៦នាក់ និងមានបុគ្គលិកសិក្សាសរុប ២.៦២១នាក់ ស្រី ១.២៦៧នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហង់ ជួនណារ៉ុន បានសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះបុគ្គលឹក សិក្សាទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនសំដៅលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តព្រះវិហាររហូតទទួលបានមេដាយនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនដ៏ឆ្នើមសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ជកោណ ដែលក្នុងនោះមុំ ២ សំខាន់ដែលទាក់ទងទៅនឹងវិស័យអប់រំ ដែលមុំទីមួយគឺការអភិវឌ្ឍមូលធនមនុស្ស និងមុំទីប្រាំគឺការអភិវឌ្ឍ បច្ចេកវិទ្យាវិទ្យាសាស្ត្រឌីជីថល។
បន្ថែមពីនេះទៀត ឯកឧត្តមបានអោយដឹងថា ដើម្បីអនុវត្តយុទ្ធសាស្ត្រ បញ្ជកោណអោយកាន់តែមានប្រសិទ្ធភាព សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញជាចំណុចគន្លឹះ៤ បន្ថែមទៀតសម្រាប់ក្រសួងអប់រំ ដែលក្នុងនោះមាន ការពង្រឹងអភិបាលកិច្ចសាលារៀន ការបង្កើនកម្មវិធីក្រៅម៉ោងសិក្សាដើម្បីលើកកម្ពស់ការអប់រំសីលធម៌និងចរិយាធម៌ការផ្តោតទៅលើសុខភាពការសិក្សា និងការបង្កើតភាពជាដៃគូរវាង រដ្ឋ និង សហគមន៍ដើម្បីការអប់រំ។
ឯកឧត្តមបានបញ្ជាក់ថានេះគឺជាអនុភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យអប់រំដូចនេះសុំអោយបុគ្គលិក អប់រំគ្រប់កម្រិតថ្នាក់ខិតខំប្រឹងប្រែងដើម្បីបន្តកែលម្អសាលារៀនក្នុងគោលដៅផលិតធនធានមនុស្សអោយមានប្រសិទ្ធភាព៕