ព្រះវិហារ៖ សាស្ដ្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះកម្មសិក្សានៅរមណីយដ្ឋានបុរាណ វិទ្យាកោះកេរ រួមនិងតំបន់ប្រាសាទនានានៅក្នុងខេត្តព្រះវិហារ ដើម្បីសិក្សាស្រាវជ្រាវឈ្វេងយល់ អំពីប្រវត្តិនៃបុរាណដ្ឋាន ការគ្រប់គ្រងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ពិសេសគឺដើម្បីផ្សារភ្ជាប់រវាងផ្នែកទ្រឹស្តីដែលបានសិក្សានៅសាលា ជាមួយនិងការចុះអនុវត្តន៍ជាក់ស្ដែង។
បើតាមលោកបណ្ឌិត កុល សារូ នាយករងវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងជាសាស្ដ្រាចារ្យដឹកនាំនិស្សិត បានបញ្ជាក់ឱ្យដឹងថា ក្រុមនិស្សិតដែលចុះមកកម្មសិក្សានាពេលនេះ គឺជាក្រុមនិស្សិតដែលទទួលបានអាហាររូបករណ៍ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១២៧នាក់។ លោកថាកម្មសិក្សានេះគឺជាលើកទី២៧ហើយ តែដោយឡែកសម្រាប់ខេត្តព្រះវិហារ នេះគឺជាលើកទី៨ ដែលធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមទីតាំងបុរាណដ្ឋាន ក៏ដូចជាប្រាសាទបុរាណមួយចំនួនក្នុងខេត្តព្រះវិហារ មានដូចជា ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទចតុមុខ ប្រាសាទដំរី ប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដើម្បីឈ្វេងយល់ពីស្ថាបត្យកម្មរបស់ខ្មែរក្រោយធ្លាប់បានសិក្សាទ្រឹស្ដីក្នុងមេរៀនកន្លងមក។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានាពេលនេះ ក៏ជាការឆ្លើយតបអនុសាសន៍ សម្ដេចមហាបវរធិបតី ក្នុងការបំផុសមហាជន ពិសេសយុវជន ដើម្បីធ្វើសកម្មភាពនៅតាមបណ្ដា ខេត្តរាជធានី ដែលមានបុរាណដ្ឋាន ក៏ដូចជាប្រាសាទបុរាណ ដែលពុំសូវមានសកម្មភាព ផ្សព្វ-ផ្សាយ ហើយអ្វីដែលពិសេសទៀតនោះ ដំណើរទស្សនកិច្ចសិក្សានេះក៏ស្របពេលនៃខួប ១ឆ្នាំ នៃការបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ៕