ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមានគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង កំពុងជីកកកាយដី ដឹកលក់យ៉ាងគគ្រឹកគគ្រេងនៅព្រំដែនកម្ពុជាថៃ និងការពុះដីឡូតិ៍ បានកក្រើកសារជាថ្មីឡើងវិញ ក្រោយពេលស្ងប់ស្ងាត់អស់មួយរយ:ពេល។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជាថៃ បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ អស់រយ:ពេលជាច្រើនថ្ងៃខែមកហើយ ដែលមានគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង បានធ្វើសកម្មភាពជីកកកាយដីនៅត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកលក់នៅតាមភូមិបន្តកន្ទុយគ្នា បណ្តាលឱ្យធូលីដីហុយចូលផ្ទះប្រជាពលរដ្ឋ បង្កទៅជាបញ្ហាជំងឺផ្លូវដង្ហើម កើតជំងឺផ្តាសាយ និងប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមផងដែរ។ ប្រភពបន្តទៀតថា ដោយសង្កេតឃើញគ្រឿងចក្រ និងរថយន្តដឹកដីខ្លះអត់មានស្លាកលេខត្រឹមត្រូវ គេសង្ស័យថា គ្រឿងចក្រទាំងនេះ ធ្វើការជីកកកាយដីដឹកលក់ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។
ម្យ៉ាងវិញទៀត រហូតមកដល់ពេលនេះ ការពុះដីឡូតិ៍លក់ក៏ចាប់ផ្តើមកក្រើកឡើងវិញមានការងាយស្រួលជាកាលពីមុន ដោយអ្នកពុះដីឡូតិ៍មុនមានការលំបាកខ្លាំង ត្រូវបង់ពន្ធស្របតាមច្បាប់អស់ច្រើន។ តែគេសង្ស័យអ្នកចាប់ផ្តើមពុះដីឡូតិ៍ថ្មីៗនេះ មានឥទ្ធិពលខ្លាំង ទើបដំណើរការពុះដីឡូតិ៍លក់ដំណើរការយ៉ាងរលូន។
ពាក់ព័ន្ធនឹងបញ្ហានេះ បុរសម្នាក់ ដែលអះអាងថា ជាម្ចាស់ដីឡូតិ៍ យីហោ ឃុនារីប៉ៃលិន បានឱ្យដឹងថា ៖ ពួកគាត់បានសុំច្បាប់ត្រឹមត្រូវដល់ថ្នាក់លើអស់ហើយ ដោយបង់ពន្ធស្របច្បាប់។ ចំណែកឯរថយន្តដែលកំពុងតែជីកកកាយដីនៅក្បែរដីឡូតិ៍របស់ខ្លួ នោះខាងលោកមិនដឹងនោះទេ។
បើតាមមេការគ្រឿងចក្រម្នាក់ ឈ្មោះ ម៉ៅ បានអះអាងថា គ្រឿងចក្រ និងរថយន្តដឹកដីទាំងអស់មានច្បាប់អស់ហើយ តែខាងលោកមិនអាចបង្ហាញជូនដល់អ្នកសារព័ត៌មានឱ្យពិនិត្យមើលបានទេ។ ចំណែកការសុំច្បាប់ជីកកកាយដីដឹកលក់ ក៏សុំច្បាប់អស់ដែរ មុននឹងចុះទៅជីកកកាយដីដឹកលក់បែបនេះ។
បើតាមប្រភពព័ត៍មានពីលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងដែរថា គ្រឿងចក្រ និងរថយន្តទាំងអស់នោះបានសុំច្បាប់អស់់ហើយ៕ ដោយ ៖ សហការី