ព្រះវិហារ៖ ជនជាតិចិនចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ពីបទលួចឆ្លងដែនដោយខុសច្បាប់ ចេញពីទឹកដីប្រទេសឡាវ ឆ្លងចូលទឹកដីប្រទេសកម្ពុជា។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន០២ករណី ដោយឃាត់ខ្លួនជនជាតិចិន ចំនួន១៦នាក់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីទី១ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាក CAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដឹកជនជាតិចិនចំនួន០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ករណីទី២ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់ (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។បច្ចុប្បន្នជនជាតិចិនទាំង១៦នាក់នេះ ត្រូវបានជំនាញនគរបាលអន្តោប្រវេសន៍កំពុងកសាងសំណុំរឿងអនុវត្តទៅតាមច្បាប់។ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ច្រកព្រំដែនកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ជាកន្លែងចរាចរណ៍ដឹកជនជាតិចិនឆ្លងដែនខុសច្បាប់ពីទឹកឡាវ ចូលមកទឹកដីកម្ពុជាយ៉ាងសកម្ម ដែលកន្លងមកសមត្ថកិច្ចបានបង្រ្កាបជាច្រើនករណីមកហើយ តែសកម្មភាពនេះហាក់កំពុងតែកើតមានដដែល៕SKS.News