ព្រះវិហារ៖ នៅយប់ថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ កងទ័ពជើងគោក បាននៅតែបន្តធ្វើការប្រជុំជួត្រួតពិនិត្យកងកម្លាំង និងប្រគល់ភារកិច្ច សំខាន់ៗចាំបាច់មួយចំនួន ជូនដល់កម្លាំងសម្រាប់ចេញអន្តរាគមន៍រាល់សភាពការណ៏ឡើង និងត្រូវត្រៀមកម្លាំង គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ រងចាំបទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកល ញុះញង់ បង្កចលាចល បំផ្លាញ សន្តិសុខជាតិ សុខសន្តិភាព នៅកម្ពុជា ។
កម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវមានទួនាទីជានិច្ចការពារ នូវរាល់ការបង្កឡើងដោយក្រុមជ្រុលនិយម មានចេតនាញុះញង់បង្ករចលាចលក្នុងសង្គមធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍តំបន់ប្រតិបត្តិការ C L V និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណង ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតត្រឹមត្រូវ យុត្តិធម ។
នាឱកាសនោះ កងកម្លាំងអន្តរាគមន៍ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាចិត្តដាច់ខាត គោរពអនុវត្តន៍ យ៉ាងមុឺងម៉ាត់តាម បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដើម្បី ថែរក្សា ការពារ សុខសន្តិភាព ជូនប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាល ឲ្យបានដាច់ខាតទោះបី ក្នុងតម្លៃណាក៏ដោយ ។
ឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននិងប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាត នូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនទាំងក្នុង និងនៅក្រៅប្រទេសផងដែរ៕