កំពង់ធំ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តកំពង់ធំ គ្រូពេទ្យស្ម័គ្រចិត្តសាធារណៈរដ្ឋកូរ៉េខាងត្បូង ដឹកនាំដោយឯកឧត្តម LEE Cheol Woo អភិបាលខេត្ត ឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញទស្សនកិច្ចរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងដូចជា
១.ចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹង ប្រវត្តិសាស្ត្រ និងប្រាសាទនានា
២.លើកស្ទួយសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ចំណាស់មួយនេះ
៣. ចែករំលែកចំណេះដឹង(ទ្រឹស្ដីនិងការអនុវត្ត) ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវបម្រើឱ្យការងារអប់រំ។
រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ពដោយបាយអជាផ្ទាំងៗអំពីឥដ្ឋ ក្បាច់ផ្តែរ និងមានឆ្លាក់សិលាចារឹកលើប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។
គួរបញ្ជាក់ផងដែរថា ប្រាសាទនេះកសាងឡើងនៅ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡា ហើយរមណីយដ្ឋានសំបូរព្រៃគុកចែកចេញជា៤ក្រុមធំៗគឺ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស។ ប្រាសាទ សំបូរព្រៃគុកត្រូវ បាន អង្គការ យូណេស្កូ ចុះ បញ្ជី ជា បេតិកភណ្ឌពិភពលោក កាលពី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ដោយ៖ ឈិត សំបូរ