ព្រះវិហារ៖កម្លាំងយោធា ប៉ូលិស អាជ្ញាធរមូលរដ្ឋាន ប្រជាការពារ ចំនួន៣ស្រុក បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅដងស្ទឹងសែន លើអាងទំនប់ទឹករក្សា ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយបានកាប់បំផ្លាញឧបករណ៍នេសាទមួយចំនួន។
អាជ្ញាធរបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមត្ថកិច្ចចម្រុះដូចជា យោធា, អាជ្ញាធរមូលដ្ឋាន, នគរបាល, ប្រជាការពារ ចំណុះឲ្យស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយប្រើប្រាស់កម្លាំងសរុបចំនួន៥៤នាក់។
អាជ្ញាធរបន្ថែមថា លទ្ធផលសរុបកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានរុះរើកម្ទេចចោលនៅនឹងកន្លែងកើតហេតុចំនួន៥៣កន្លែង និងដកហូតយកសម្ភរៈវត្ថុតាំងស្បៃមុងបានចំនួន៥៣ស្បៃយកមករក្សាទុកនៅប៉ុស្ត៍ននគរបាលរដ្ឋបាលឃុំរក្សា។
ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងនេះក្តី ក៏តាមសេចក្ដីរាយការណ៍មកថា បទល្មើសនេសាទនៅតំបន់អាងទឹកទំនប់រក្សា នៅតែបន្តកើតមានជាច្រើនកន្លែងទៀត ដែលប្រជានេសាទល្មើសច្បាប់នេះមកពីតាមបណ្តាខេត្តផ្សេងៗឆ្មក់មករកត្រីនៅតំបន់ខាងលើដោយខុសច្បាប់ ហើយសមត្ថកិច្ចជំនាញខេត្តព្រះវិហារ ហាក់នៅមិនទាន់ចុះបង្ក្រាបអោយថមថយនៅឡើយទេ៕ (សហការី)