ប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងជនរងគ្រោះដោយធម្មជាតិ ចំនួន៣៥០គ្រួសារ ស្ថិតនៅទីរួម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទទួលអំណោយរាជរដ្ឋាភិបាល

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួម​ចែកអំណោយរាជរដ្ឋាភិបាល​ តាមរយៈ​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និងយុវ​នីតិសម្បទា​ខេត្ត ជូនប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​តាមសហគមន៍​ និងជនរងគ្រោះដោយ​ធម្មជាតិ​ ចំនួន​៣៥០គ្រួសារ​ ស្ថិត​នៅទីរួម​ ស្រុកជាំក្សាន្ដ​ ខេត្ដព្រះវិហារ​ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

និងបានថ្លែងអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព និងតាមកន្លែងសាធារណៈផ្សេងៗដូចជាវត្តអារាម សាលារៀន ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក និងគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹកខាងមុខនេះ។

លោក គីម រិទ្ធី ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ដោយត្រូវថែសុខភាពឱ្យបានល្អ ដើម្បីការពារពីជំងឺឆ្លងនានា ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ សត្វអសិរពិសផ្សេងៗ ពិសេសក្មេងៗកុំបណ្តោយឱ្យលេងទឹកផ្តេសផ្តាស។ អំណោយដែលនាំមកចែកជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ ប៊ីចេង ប្រេងឆា ត្រីខ និងសាប៊ូ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *