ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះជាថ្ងៃទី៧ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។
នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ នេះកម្លាំងចម្រុះ សហការជាមួយក្រុមរថយន្តof roadបន្តបេសកកម្មរុករកបន្ត ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅ តំបន់ថ្មដានៃខេត្តពោធិ៍សាត់ និង សួរសុខទុក្ខ បងប្អូនកងទ័ព និងគណៈបញ្ជាការឯកភាពខេត្ត ដែលកំពុងបន្តបេសកកម្ម យ៉ាងសកម្ម ក្នុងការរុករក ទោះបីជាស្ថានភាពលំបាកដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផលក៏ដោយ។
ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡើយ ។
សូមរំលឹកថា មកទល់នឹងថ្ងៃទី១៨ ខែកក្កដានេះ កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ សមត្ថកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងចេញកម្លាំងជាច្រើន ក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ការទាក់ទងត្រឹមជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
សូមឱ្យពួកគាត់ ប្រកបដោយសុវត្ថិភាព ! ទោះជាតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំ ទាំងភ្លៀង ទាំងអព្វធ្លាក់ចុះក៏នៅស្វាត់ស្វែងរុករកផងដែរ ៕